ក្រុមផលិតកម្មទុរេនខ្មែរ ហៅកាត់ថា KDPG (Khmer Durian Production Group) មកពីខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជាចំនួនជាង១០០នាក់ បានណាត់ជួបប្រជុំគ្នា ដើម្បីរៀបចំផែនការផលិតសម្រាប់រដូវកាលថ្មី និងដើម្បីបង្កើតបណ្តាញអ្នកផលិតទុរេនដែលមានគុណភាព មានប្រភពច្បាស់លាស់ សម្រាប់បម្រើតម្រូវការក្នុងស្រុក និងការនាំចេញ។

លោក ប៊ុន នាង គ្រូបច្ចេកទេសដាំដុះដំណាំទុរេន និងជាម្ចាស់ចម្ការទុរេនទំហំប្រមាណ ១០ហិចតា ក្នុងខេត្តបាត់ដំបង នៅក្រោយសិក្ខាសាលាស្តីពី ផលិតកម្មទុរេនរដូវកាល ឆ្នាំ២០២៤-២០២៥ និងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គដល់សមាជិកក្រុមផលិតកម្មទុរេនខ្មែរ កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្រុមផលិតកម្មទុរេនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០១៧ រហូតមកដល់ពេលនេះ មានសមាជិកសរុបចំនួនរាប់ពាន់នាក់នៅទូទាំងប្រទេស។ លោកបានបន្តថា ការរៀបចំសិក្ខាសាលានេះឡើង មានគោលបំណងដើម្បីវាយតម្លៃនៃការអនុវត្តបច្ចេកទេសដាំដុះទុរេននារដូវកាលកន្លងមក និងស្វែងរកភាពបត់បែនបច្ចេកដាំដុះជាច្រើនឆ្នាំ។
លោកបន្តថា ក្រៅពីសិក្ខាសាលានេះ គឺដើម្បីជួបជុំចែករំលែកបទពិសោធន៍ រវាងកសិករដាំដុះទុរេនមកពីតំបន់ផ្សេងគ្នា និងដើម្បីប្រកាសពីការបង្កើតក្រុមផលិតកម្មទុរេនខ្មែរ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងក្រុមផលិតទុរេននៅកម្ពុជាទាំងមូល សម្រាប់បម្រើតម្រូវការទាំងក្នុង និងក្រៅប្រទេស ខណៈដែលដំណាំហូបផ្លែនេះ ក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការនាំចេញ ដែលអាចកើបចំណូលរហូតរាប់លានដុល្លារក្នុង១ឆ្នាំៗ សម្រាប់ប្រជាកសិករ។
លោក ឆម លីប៊ុនថេង កសិករដាំដុះទុរេន មកពីស្រុកថ្មបាំង ខេត្តកោះកុង បានឲ្យ ប៊ីធីវី ដឹងដែរថា បច្ចុប្បន្នលោកមានផ្ទៃដីដាំដុះទុរេនទំហំប្រមាណ ២០ហិចតា ស្មើនឹងប្រមាណជាង ២ពាន់ដើម។ លោកឲ្យដឹងទៀតថា ទុរេនជាដំណាំយុទ្ធសាស្រ្តមានតម្លៃណាស់ខាងផ្នែកសេដ្ឋកិច្ច ដែលអាចឲ្យកសិកររកប្រាក់ចំណូលបានខ្ពស់ក្នុង១ឆ្នាំៗ ប្រសិនបើគោរពទៅតាមបច្ចេកទេសក្នុងការដាំដុះពីអ្នកជំនាញពិតប្រាកដ។ លោកបន្ថែមថា គិតតែនៅស្រុកថ្មបាំង ក្នុងខេត្តរបស់លោក កសិករជាច្រើនគ្រួសារដែលដាំដុះដំណាំទុរេននេះ ហើយរដូវកាលមុនសមាជិកដាំដុះប្រមាណ ៣០គ្រួសារ ពួកគាត់អាចកើបប្រាក់ចំណូលទុរេនចំនួនជាង ១លានដុល្លារ ពីការនាំចេញទុរេនទៅក្រៅប្រទេស ដូចជា ថៃ វៀតណាម និងចិន។
ទន្ទឹមនេះ ក្រុមផលិតកម្មទុរេនខ្មែរ បានអំពាវនាវដល់ម្ចាស់ចម្ការទុរេនក្នុងស្រុកទាំងអស់ គួរតែចូលរួមទទួលការបណ្តុះបណ្តាលបច្ចេកទេសឲ្យបានគ្រប់ៗគ្នា ដោយកុំរើសអើងក្រុម ដើម្បីបន្តពង្រឹងសមត្ថភាព និងទទួលបានព័ត៌មានពីស្ថានភាពភាពផលិត និងព័ត៌មានទីផ្សារ ដើម្បីជួយលើកកម្ពស់ និងបង្កើនប្រាក់ចំណូលដល់កសិករមួយកម្រិតបន្ថែមទៀត ជាពិសេសជួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទាំងអស់គ្នា ដើម្បីឲ្យទុរេនមានរសជាតិឆ្ងាញ់ល្អ និងពង្រីកទីផ្សារនាំចេញផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី








