ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី២ នៅព្រឹកថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។

គម្រោងវិនិយោគនេះ បានបង្ហាញឱ្យឃើញថា កម្ពុជា គឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះសេដ្ឋកិច្ចសាកល, ការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្រ្ដនយោបាយ និងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្គ្រាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានប្រមាណ អត្រាកំណើន ៥ភាគរយនៅឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ច ៦ភាគរយនៅឆ្នាំ ២០២៤នេះ។
សម្ដេច បញ្ជាក់ថា កន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញកម្ពុជាឱ្យក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលរីកលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងទសវត្សរ៍ចុងក្រោយនេះកម្ពុជាតែងតែស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។
សូមជម្រាបថា បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានសម្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៩០ មានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ វ៉ន ដារ៉ា