
នាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿង បានក្រឡាប់ ខណៈពេលកំពុងជួសជុលកំពង់ផែ ដោយបានបណ្តាលឲ្យមន្ត្រីពីរនាក់ស្លាប និងជាច្រើននាក់ផ្សេងទៀតរងរបួស។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា នាវាពិឃាត Sahand របស់កងទ័ពជើងទឹក ស្ថិតនៅក្នុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Bandar Abbas ក្បែរច្រកសមុទ្រ Hormuz នៅពេលដែលវា បានលិច។
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បាននិយាយថា៖ «ខណៈដែលនាវាចម្បាំង Sahand កំពុងត្រូវបានជួសជុលនៅកំពង់ផែ វាបាត់បង់លំនឹង ដោយសារតែទឹកចូល។ សំណាងល្អ នាវានោះ កំពុងត្រូវបានត្រឡប់ទៅមានលំនឹងវិញយ៉ាងឆាប់រហ័ស»។

នាវាចម្បាំង Sahand ដែលត្រូវបានគេដាក់ឈ្មោះតាមភ្នំមួយ នៅភាគខាងជើងប្រទេសអ៊ីរ៉ង់ បានចំណាយពេល ៦ឆ្នាំ ដើម្បីសាងសង់ និងត្រូវបានដាក់ឲ្យដំណើរការ នៅក្នុងសមុទ្រពែរ្ស ក្នុងខែធ្នូ ឆ្នាំ ២០១៨។ នាវានេះមានទម្ងន់ ១.៣០០តោន ត្រូវបានបំពាក់ដោយមីស៊ីលពីដីទៅដី និងពីដីទៅលើអាកាស ប្រព័ន្ធប្រឆាំងយន្តហោះ និងសមត្ថភាពរ៉ាដាទំនើប និងសមត្ថភាពគេចពីប្រព័ន្ធរ៉ាដា។
ការក្រឡាប់របស់នាវានេះ ជាសំណាងអាក្រក់ចុងក្រោយបំផុត ដែលបានកើតឡើងចំពោះកងទ័ពជើងទឹក អ៊ីរ៉ង់។ កាលពីខែមករា ឆ្នាំ ២០១៨ នាវាពិឃាតកងទ័ពជើងទឹក Damavand បានលិច នៅក្នុងសមុទ្រ កាព្យែន (Caspian) និងនៅខែមិថុនា ឆ្នាំ ២០២១ នាវាកងទ័ពជើងទឹកដ៏ធំបំផុតរបស់អ៊ីរ៉ង់គឺ នាវា Kharg បានលិច បន្ទាប់ពីអគ្គិភ័យឆេះ នៅឈូងសមុទ្រអូម៉ង់។