អ្នកនយោបាយមួយចំនួននៅកម្ពុជា បានចាត់ទុក ការសម្រេចផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាន គឺជាការអនុវត្តផ្លូវច្បាប់ត្រឹមត្រូវដោយសារពួកគេនោះជាឈ្នាន់របស់ជនក្បត់ជាតិបង្កើតព្រឹត្តិការណ៍វិទ្ធង្សនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្លែងប្រាប់ BTV នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ស្របពេលគណបក្សនយោបាយមួយចំនួនបានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងថ្កោលទោសលើអំពើរបស់ក្រុមសកម្មភាពបរិស្ថានដែលត្រូវសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោសកាលពីថ្មីៗនេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានឱ្យដឹងថា ក្នុងនាមអ្នកនយោបាយមួយរូបដែលបានតាមដានជុំវិញសំណុំរឿងនេះ បានចាត់ទុកសកម្មភាពរបស់ក្រុមសកម្មជនបរិស្ថានជាចេតនាបង្កើតព្រឹត្តិការណ៍វិទ្ធង្សនា ក្នុងការទាញយកមជ្ឈដ្ឋានពីបរទេសឱ្យដាក់សម្ពាធលើការអនុវត្តរបស់តុលាការ។
ប្រធានគណបក្សរូបនេះ បញ្ជាក់ថា ចេតនានៃការបង្កើតព្រឹត្តិការណ៍ទាំងអស់នេះ គឺសុទ្ធតែឈ្នាន់របស់ជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ជាមួយគ្នា លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា តាមរយៈការផ្តន្ទាទោសក្រុមសកម្មជនបរិស្ថាននេះកំពុងត្រូវបានអ្នកនយោបាយក្បត់ជាតិយកធ្វើជាចំណីនយោបាយរបស់ខ្លួន ដើម្បីធ្វើឱ្យប្រជាពលរដ្ឋលែងទុកចិត្តចំពោះអង្គព្រះមហាក្សត្រ និងផ្លូវច្បាប់របស់កម្ពុជា។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោសមេក្លោង និងសកម្មជនមាតាធម្មជាតិចំនួន ១០នាក់ ដាក់ពន្ធនាគារពី៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពាក់ព័ន្ធការប្រមាថអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់។ ការសម្រេចផ្តន្ទាទោសលើក្រុមសកម្មជនបរិស្ថាននេះ ដោយសារកាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នានាពេលនោះ៕ អត្ថបទ សេក ឧត្តម


