ភ្នំពេញ ៖ បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានបើកការស៊ើបសួរជនត្រូវចោទ ម្នាក់ពាក់ព័ន្ធករណីបន្លំធ្វើសមត្ថកិច្ច ដាក់កុងត្រូលជជុះ ចាំទារលុយពីអ្នកដឹកបន្លែ ពេលនេះតំណាងអយ្យការចោទប្រកាន់ហើយ។
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានចោទប្រកាន់ជនត្រូវចោទពីបទគំរាមកំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ តាមមាត្រា ២៣២ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឲ្យចៅក្រមបន្តការស៊ើបសួរបន្តតាមនីតិវិធី។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចិន គោ ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។
គួរបញ្ជាក់ផងដែរ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០១នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ក្លែងបន្លំជាសមត្ថកិច្ចដាក់កុងត្រូជជុះឃាត់រថយន្តដឹកបន្លែរបស់ពលរដ្ឋ ដើម្បីសំឡុតគំរាមកំហែងទារប្រាក់។
បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោបានជិះល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនក៏ប្រទះឃើញមានករណីនេះកើតមានពិតប្រាកដមែន ភ្លាមនោះកម្លាំងល្បាតធ្វើការបង្ក្រាបបានជាក់ស្តែង នៅវេលាម៉ោង១២និង៤០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ចំណុចមុខការដ្ឋានផ្ទះល្វែង ផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្តម៉ាកford ចង្កូតស្តាំមួយគ្រឿង ពណ៌ទឹកសមុទ្ររួមនឹងវត្ថុតាងមួយចំនួនទៀត។
ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានឃាត់រថយន្តហ៊ីយ៉ានដាយដឹកបន្លែមួយគ្រឿង ដោយខ្លួនអះអាងប្រាប់តៃកុងឡានថា ខ្លួនជាសមត្ថកិច្ច និងបានគំរាមកំហែងទារប្រាក់ពីតៃកុងឡាន ពិតប្រាកដមែន៕
អត្ថបទ៖ កុម្ភះ


