ភ្នំពេញ៖ លោក ហេង សំណាង ដែលជាអតីតកូនសិស្ស និងលោក ធូវី សុវណ្ណដារ៉ា ត្រូវក្មួយបង្កើតលោកបណ្ឌិត កែម ឡី និងជាប្រធានសមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសង្គមស៊ីវិលសាខាខេត្តតាកែវ បានអំពាវនាវដល់ក្រុមប្រឆាំងជ្រុលនិយម គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងសារព័ត៌មានបរទេសជាខេមរៈភាសាមួយចំនួន បញ្ឈប់យកគ្រប់រូបភាពរបស់លោកបណ្ឌិត កែម ឡី ដើម្បីកេងចំណេញ នយោបាយ និងប្រើប្រាស់រូបភាពដើម្បីបំផ្លើសបំភ្លៃការពិត។
ក្រុមយុវជនបានអំពាវនាវនេះស្របពេលដែលខួប៨ឆ្នាំ នៃការស្លាប់របស់លោកបណ្ឌិត កែម ឡី ឈានជិតមកដល់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ហើយមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងយករូបភាពលោកបណ្ឌិត ដើម្បីកេញចំណេញនយោបាយរបស់ពួកគេ។
លោក ធូវី សុវណ្ណដារ៉ា បានអំពាវនាវ និងទទូចម្តងហើយម្តងទៀតដល់ក្រុមប្រឆាំងជ្រុលនិយមសុំកុំយករូបភាពលោកពូរបស់ខ្លួន គឺលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោកដើម្បីយកទៅធ្វើជាឈ្នាន់នយោបាយ និងដើម្បីកេងចំណេញនយោបាយ។ ជាពិសេសនាពេលបច្ចុប្បន្ននេះ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិនសុន មេក្លោងចលនាខុសច្បាប់បានយករូបភាពលោកបណ្ឌិត កែម ឡី ដើម្បីយកទៅផ្សព្វផ្សាយក្នុងការកេងចំណេញ និងវាយប្រហារមកលើរាជរដ្ឋាភិបាល។ សារព័ត៌មាន ឌឹ ខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី យកទៅវាយប្រហារមកលើរាជរដ្ឋាភិបាល។
លោក ធូវី សុវណ្ណដារ៉ា បានអះអាងថា៖«កន្លងមកលោកពូ កែម ឡី មិនដែលមានគំនិតទៅប្រឆាំងជាមួយរដ្ឋាភិបាលទេ ហើយក៏មិនដែលមានគំនិតផ្តួចផ្តើមក៏ដូចជាចង់ផ្តួលរំលំរដ្ឋាភិបាលដែរ។ ជាមួយគ្នានេះ ខ្ញុំសូមអរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រុមគ្រួសារដែលតែងតែឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ខ្ញុំបាទក្នុងការធ្វើបុណ្យរម្លឹកខួបលោកពូ កែម ឡី កន្លងមកជារឿយៗ និងបានឧបត្ថម្ភថវិកាជាច្រើនដើម្បីកសាងចេតីយបង្ហើយជូនលោកបណ្ឌិត កែម ឡី»។
លោក ហេង សំណាង ជាកូនសិស្ស និងជាប្រធានក្រុមយុវជនសង្គមស៊ីវិល បានអំពាវនាវទៅដល់គណបក្សនយោបាយក្រុមប្រឆាំងជ្រុលនិយម អង្គការសង្គមស៊ីវិល វិទ្យុអាស៊ីសេរី និងខេមបូឌាដេលី ដែលតែងតែយករូបភាពលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារ ដើម្បីកេងចំណេញនយោបាយ សូមបញ្ឈប់យករូបភាពលោកបណ្ឌិត កែម ឡី មកផ្សព្វផ្សាយចាប់ពីពេលនេះតទៅ។
ឆ្លើយតបទៅនឹងក្រុមប្រឆាំងជ្រុលនិយមលោក ហេង សំណាង បានអះអាងថា លោកគ្រូបណ្ឌិត កែម ឡី មិនដែលលម្អៀតទៅគណបក្សនយោបាយណាមួយទេ គឺគាត់នៅកណ្តាល គាត់វិភាគបើកវាំងនននៃសង្គម ហើយក៏មិនដែលមានគំនិតនៅក្នុងការផ្តួចផ្តើមផ្តួលរំលំរដ្ឋាភិបាលនោះទេ ដែលពួកក្រុមប្រឆាំងតែងតែលើកឡើងកន្លងមកនោះជាពាក្យចចាមអារាម។
លោកបញ្ជាក់ថា៖«ពិសេសការដាក់ការសន្និដ្ឋាន យើងខ្លាំងបំផុតក្រុមជនទី៣ជ្រុលនិយម ដែលធ្វើនយោបាយ (ស្វាស៊ីបាយ លាបមាត់ពពែ) ព្រោះជនទីបីជ្រុលនិយម គឺតែងតែឆ្លៀតឱកាស វាយប្រហារដើម្បីគេហចំណេញនយោបាយរបស់ពួកគេ»។
សូមជម្រាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នៅហាងស្តាម៉ាតក្នុងស្ថានីយប្រេង ឥន្ធនៈកាល់តិច ជិតស្តុបបូកគោ កាលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ចំណែកឃាតករត្រូវបានសមត្ថកិច្ចតាមចាប់បានភ្លាមៗ បន្ទាប់ពីបានព្យាយាមរត់គេចខ្លួន។ ឃាតករត្រូវបានតុលាការផ្តន្តាទោសដាក់ពន្ធនាគារអស់មួយជីវិត៕



