
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃអាទិត្យ (ទី៧ ខែកក្កដា) បានប្រឹងប្រែងធ្វើឲ្យរស់ជាថ្មីម្ដងទៀតនូវកិច្ចខិតខំប្រឹងប្រែងជាប់ឆ្នោតឡើងវិញរបស់លោកដែលកំពុងរងសម្ពាធ ខណៈដែលសមាជិកនៃគណបក្សប្រជាធិបតេយ្យ បានពិភាក្សាអំពីអនាគតនៃបេក្ខភាពរបស់លោក។
សកម្មភាពក្នុងការជជែកដេញដោលប្រកដោយភាពរអាក់រអួលរបស់លោកប្រធានាធិបតី កាលពីសប្តាហ៍មុន បានបង្កឲ្យមានការចោទសួរធ្ងន់ៗ អំពីសមត្ថភាពរាងកាយ និងផ្លូវចិត្តរបស់លោក ក្នុងការឈរឈ្មោះជាបេក្ខជន។ ហើយកិច្ចសម្ភាសជាមួយទូរទស្សន៍ ABC កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក បានជំរុញឲ្យមានពាក្យចចាមអារ៉ាមបន្ថែមទៀត អំពីអនាគតនៃយុទ្ធនាការរបស់លោក។ យ៉ាងណាក្ដី ចំពេលមានភាពមិនច្បាស់លាស់នេះ លោក Biden បែរជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការចំនួន២ នៅក្នុងរដ្ឋ Pennsylvania ដែលជារដ្ឋសមរភូមិដ៏សំខាន់មួយ កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនោះ មិនបានបញ្ឈប់សមាជិករបស់គណបក្សប្រជាធិបតេយ្យរបស់លោកប្រធានាធិបតីមិនឲ្យថ្លឹងថ្លែងពីហានិភ័យ និងរង្វាន់ ពោលគឺផលវិជ្ជមាន និងអវិជ្ជមាន ក្នុងការរក្សាទុកលោក Biden វ័យ ៨១ឆ្នាំ ជាបេក្ខជនទី១ នោះ។ នៅរសៀលថ្ងៃអាទិត្យ មេដឹកនាំសំឡេងភាគតិចក្នុងសភា គឺលោក Hakeem Jeffries បានកោះប្រជុំជាមួយសមាជិកសភាគណបក្សប្រជាធិបតេយ្យដែលត្រូវបានរាយការណ៍ថា មានទាំងរួមបញ្ចូលការពិភាក្សាអំពីបេក្ខភាពរបស់លោក Biden ផងដែរ។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ CBS ដែលជាដៃគូព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC របស់អាមេរិក បានឲ្យដឹងថា មនុស្ស ៤នាក់ ក្នុងចំណោមអ្នកដែលនៅក្នុងកិច្ចប្រជុំនោះ បាននិយាយថា ពួកគេយល់ថា លោក Biden គួរតែចាកចេញ។ ប្រភពនានាបានឲ្យដឹងថា យ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត បានសម្តែងក្ដីបារម្ភអំពីឱកាសរបស់លោក នៅក្នុងខែវិច្ឆិកា។
អ្នកខ្លះលើកឡើងថា គណបក្សអាចនឹងឆ្ពោះទៅរកបរាជ័យក្រោមដៃរបស់លោក Donald Trump វ័យ ៧៨ឆ្នាំ ដែលជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ នៅខែវិច្ឆិកា ប្រសិនបើលោក Biden នៅបន្តឈរឈ្មោះ ប៉ុន្តែខ្លះទៀតនិយាយថា ការដាក់អ្នកផ្សេងជំនួសលោក កើតមកជាមួយនឹងបញ្ហាមិនដឹងជាច្រើន។ កាលពីដើមសប្តាហ៍នេះ អតីតអ្នកតំណាងរដ្ឋ Ohio លោក Tim Ryan បានដាក់ចេញនូវអ្នកជំនួសដ៏មានសក្តានុពលមួយរូប គឺលោកស្រី Kamala Harris ដែលអនុប្រធានាធិបតីរបស់លោក Biden៕