
ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃអាទិត្យ បានបង្ហាញពីការត្រៀមខ្លួន ដើម្បីជួសជុលទំនាក់ទំនង រវាងទួរគី និងស៊ីរី ដោយសង្កត់ធ្ងន់ទៅលើ បំណងរបស់ប្រទេសលោក ក្នុងការស្តារទំនាក់ទំនង ទួរគី-ស៊ីរី ឡើងដល់កម្រិតពីមុនរបស់ពួកគេ។
លោក អឺរដូហ្កាន់ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារពាក់កណ្តាលផ្លូវការ Anadolu ដែលបាននិយាយថា ប្រសិនបើប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ (Bashar al-Assad) បោះជំហានឆ្ពោះទៅរកការកែលម្អទំនាក់ទំនងជាមួយប្រទេសទួរគី យើងនឹងឆ្លើយតបជាវិជ្ជមានចំពោះវិធីសាស្រ្តនោះ»។

ទាក់ទិននឹងការអញ្ជើញលោក អាសាដ សម្រាប់ដំណើរទស្សនកិច្ចកាលពីសប្តាហ៍មុន លោក ប្រធានាធិបតីទួរគី បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកលើបញ្ហានេះ។ លោកបានថ្លែងថា៖«យើងនឹងបន្តការអញ្ជើញរបស់យើង» ដោយបន្ថែមថា៖«វាអាចកើតឡើងគ្រប់ពេលវេលា»។
លោក អឺរដូហ្កាន់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិភាពនៅក្នុងប្រទេសស៊ីរីសម្រាប់ការវិលត្រឡប់របស់មនុស្សរាប់លាននាក់ ទៅកាន់មាតុភូមិរបស់ពួកគេ ចំពេលដែលទួរគី ផ្តល់ជម្រកដល់ប្រជាជនស៊ីរីដែលបានចុះឈ្មោះជាង ៣,១ លាននាក់។
កុបកម្មប្រឆាំងស៊ីរី បានផ្ទុះឡើងកាលពីដើមខែនេះ នៅក្នុងខេត្ត Kayseri ភាគកណ្តាលទួរគី ដែលបង្កឡើងដោយការចាប់ខ្លួនបុរសជនជាតិស៊ីរីម្នាក់ ពីបទរំលោភបំពានផ្លូវភេទលើក្មេងស្រីជនជាតិស៊ីរីអាយុ៧ឆ្នាំម្នាក់។ អ្នកស្រុក បានដុតផ្ទះ និងអាជីវកម្មរបស់ជនជាតិស៊ីរី ហើយបានបំផ្លិចបំផ្លាញរថយន្តរបស់ពួកគេ។ ភាពចលាចល បានរាលដាលដល់ខេត្តជាច្រើន។