
ចាប់តាំងពីដើមរដូវទឹកជំនន់មក តំបន់ផ្សេងៗនៅទូទាំងប្រទេសចិន បាននិងកំពុងមានភ្លៀងធ្លាក់ខ្លាំង និងអូសបន្លាយ ដែលនាំឲ្យជន់លិចនៅតំបន់ខ្លះ ព្រមទាំងបង្កើនហានិភ័យនៃការបាក់ទំនប់ទឹក។
ទីភ្នាក់ងាររដ្ឋាភិបាលដែលគ្រប់គ្រងឧតុនិយម ការអភិរក្សទឹក ធនធានធម្មជាតិ និងការអភិវឌ្ឍទីក្រុង និងជនបទ បានផ្តល់ការណែនាំអំពីការគ្រប់គ្រងទឹកជំនន់សម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយទឹកភ្លៀងចំនួន ១៨ រួមមានខេត្ត Hunan, Shandong, Henan និង Shaanxi ។ រដ្ឋាភិបាលក្នុងតំបន់ កំពុងផ្តល់អាទិភាពលើការត្រួតពិនិត្យទឹកភ្លៀង និងទឹកជំនន់ ទន្ទឹមនឹងនោះ ក៏បង្កើតផែនការទប់ទល់ និងការពង្រឹងកន្លែងគ្រប់គ្រងទឹកជំនន់ផងដែរ។

កាលពីថ្ងៃអាទិត្យ ប្រទេសចិន បានធ្វើការឆ្លើយតបគ្រាអាសន្នកម្រិត ៤ ចំពោះការជន់លិចក្នុងខេត្ត Shandong និង Sichuan។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែកក្កដា នៅទូទាំងភាគខាងត្បូងនៃខេត្ត Shandong ហើយភ្លៀងធ្លាក់ខ្លាំងនឹងកើនឡើងពាសពេញអាង Sichuan ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៤ ខែកក្កដា។ ប្រទេសចិន មានប្រព័ន្ធឆ្លើយតបគ្រាអាសន្នចំនួន ៤ សម្រាប់ការគ្រប់គ្រងទឹកជំនន់ ដោយកម្រិត១ គឺជាកម្រិតដែលត្រូវការឆ្លើយតបន្ទាន់បំផុត។
គិតត្រឹមយប់ថ្ងៃអាទិត្យ មនុស្សប្រហែល ៣.៦៣១ នាក់ នៅទីក្រុង Linyi ដែលជាទីក្រុងមួយក្នុងខេត្ត Shandong ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀង ហើយមនុស្ស ១.៩៣៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងមានសុវត្ថិភាព។