
ក្បួនរថយន្តហ្ស៊ីបប្រដាប់អាវុធដែលពេញដោយអ្នកសារព័ត៌មាន បានបើកបរសន្សឹមៗចូលទៅក្នុងក្រុង Rafah ដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃ ដោយធ្វើដំណើរឆ្លងកាត់ផ្ទះសម្បែងដែលដួលរាបដល់ដី និងអគារផ្ទះល្វែងដែលរងការខូចខាត។
នៅពេលដែលអ្នកសារព័ត៌មានទាំងនោះចុះពីរថយន្ត Humvee ពួកគេបានឃើញភាពស្ងៀមសស្ងាត់ជ្រងំគ្របដណ្ដប់លើតំបន់ភាគខាងត្បូងហ្កាហ្សាស្ទ្រីប នៅជិតព្រំដែនជាមួយប្រទេសអេហ្ស៊ីប។ ផ្លូវដែលធ្លាប់មានភាពរស់រវើក ឥឡូវនេះ ក្លាយជាគំនរបាក់បែកស្ទើរទាំងអស់។
មនុស្សជាង ១លាននាក់ បានភៀសខ្លួនដើម្បីគេចពីការវាយលុករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពី ២ខែមុន។ មនុស្សជាច្រើនត្រូវបានផ្លាស់ទីលំនៅម្តងហើយម្តងទៀត ហើយឥឡូវនេះ រស់នៅក្នុងទីក្រុងតង់ដែលលាតសន្ធឹងរាប់គីឡូម៉ែត្រ ជាកន្លែងដែលពួកគេប្រឈមនឹងអនាគតមិនច្បាស់លាស់ ខណៈដែលពួកគេកាន់ទុក្ខចំពោះការបាត់បង់មនុស្សជាទីស្រលាញ់។

ខណៈដែលអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងបន្ថយប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅទីក្រុង Rafah យោធាអ៊ីស្រាអែលបានអញ្ជើញអ្នកសារព័ត៌មានបរទេសចូលទៅក្នុងទីក្រុងនេះ ដែលជាដំណើរទស្សនកិច្ចត្រួតពិនិត្យមួយ។ យោធានិយាយថា ខ្លួនបានប្រយុទ្ធប្រកដោយភាពជាក់លាក់ និងអត់ធ្មត់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបង្កប់នៅក្នុងតំបន់ស៊ីវិលមួយនេះ។
ប៉ុន្តែការស្លាប់ ការបំផ្លិចបំផ្លាញ និងការផ្លាស់ទីលំនៅដ៏ច្រើនរបស់ជនស៊ីវិល បានធ្វើឲ្យអ៊ីស្រាអែលកាន់តែឯកោផ្នែកការទូតកាន់តែខ្លាំងឡើងៗ។ ហើយបើតាមអាជ្ញាធររបស់តំបន់ហ្កាហ្សា បានឲ្យដឹងថា ជនស៊ីវីលប៉ាឡេស្ទីនជាង ៣៨.០០០នាក់ហើយ បានបាត់បង់ជីវិត ក្នុងជម្លោះនេះ៕