កំពង់ឆ្នាំង៖ បុរសម្នាក់ ជាអតីតនគរបាលទេសចរណ៍ខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារពុលត្រីកំពត កាលពីយប់ថ្ងៃទី៧ ខែកក្កដា នេះ ។ បុរសដែលបានស្លាប់នេះ ឈ្មោះ ចាន់ រដ្ឋា អាយុ ៦០ឆ្នាំ មានទីលំ នៅ ភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
ក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៧ ខែកក្កដា នេះ ជនរងគ្រោះ និងគ្រួសារ (៣នាក់) បាននាំគ្នាបរិភោគត្រីកំពត ក្រោយមកនៅម៉ោងប្រមាណ១៨ និង៣០នាទីយប់ ជនរងគ្រោះ មានអាការៈមិនស្រួល ហើយត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែ ដោយសារស្ថានភាពធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបន្តបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានស្លាប់នៅវេលា ម៉ោង៣ទៀបភ្លឺ ចូលថ្ងៃទី៨ ខែកក្កដា នេះ ។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បាននិយាយថា តាមការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារពុលត្រីកំពតពិតប្រាកដមែន យ៉ាងណាក្រុមគ្រូ ពេទ្យនឹងបន្តពិនិត្យតាមដានបន្ថែមទៀត។ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលទានត្រីកំពតនេះ ៕ ដោយ ៖ វាសនា










