ភ្នំពេញ៖ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ឧត្តមសេនីយ៍ឯក តេង សួន បានរំលឹកដល់នគរបាលការពារព្រំដែនទាំងអស់ ត្រូវត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ហើយជាពិសេសទៅទៀតនោះ ត្រូវមានភក្ដីភាពការពាររដ្ឋធម្មនុញ្ញ និងការពារដាច់ខាតចំពោះព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។
ការលើកឡើងរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រគល់ទទួលម៉ូតូចំនួន៤៣គ្រឿង និងម៉ាស៊ីនភ្លើងចំនួន៣០គ្រឿង របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនដល់ វរៈសេនាតូច និងប៉ុស្តិ៍នគរបាលការពារតាមព្រំដែនទឹក-គោក ចំណុះគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ទៀតថា «ចំពោះការងារព្រំដែន ក្នុងនាមយើងជានគរបាលត្រូវបន្តលើកកម្ពស់ស្មារតីសាមគ្គីភាពជាមួយកងយោធពលខេមរភូមិន្ទ, បន្តតាមដានស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស, បន្តជំរុញបើកវគ្គហ្វឹកហ្វឺនផ្ទៃក្នុង និងហ្វឹកហ្វឺនការងារព្រំដែន ដល់វរសេនាតូច និងបន្តសហការជាមួយស្ថាប័នផ្សេងៗ »។
ឯកឧត្តមបានបន្តថា ត្រូវទប់ស្កាត់កុំអោយមានការរីករាលដាលនូវបញ្ហាគ្រឿងញៀន, ត្រូវបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋអោយយល់ដឹងពីបញ្ហាគ្រឿងញៀន, ត្រូវចុះធ្វើការណែនាំជាប្រចាំដល់ ក្លិបកំសាន្ត កន្លែងសប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការបង្ក្រាបមុខសញ្ញាជាដើមនោះ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក តេង សួន ក៏បានណែនាំដល់នគរបាលការពារព្រំដែនគោក និងទឹកទាំងអស់ឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលឲ្យពួកយើងទាំងអស់គ្រានត្រូវពាក់ម៉ាស ត្រូវលាងដៃនិងសាប៊ូ ត្រូវបាញ់អាល់កុល ឬជែ ត្រូវរក្សាគម្លាតពីគ្នា ត្រូវកាត់បន្ថយការជួបជុំគ្នាជាដើមនោះផងដែរ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ បាននាំយកអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ទិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំនួន៤លានរៀល ផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តតាកែវ៕ អត្ថបទ៖ បាន ចក់

