អាហ្វហ្គានីស្ថាន៖ ក្រុមតាលីបង់បានអំពាវនាវដល់អាមេរិកកុំលើកទឹកចិត្តប្រជាជនអាហ្វហ្គានីស្ថានឱ្យចាកចេញពីប្រទេស ដោយនិយាយថា ពួកគេត្រូវការ “ទេពកោសល្យ” របស់ពលរដ្ឋអាហ្វហ្គានីស្ថានដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកសាងជាតិឡើងវិញ។

នៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid បាននិយាយថា ហ្វូងមនុស្សនៅអាកាសយានដ្ឋានគួរតែត្រលប់ទៅផ្ទះវិញ ស្របពេលមានភាពច្របូកច្របល់ និងមានរបាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោកថា “យើងស្នើទៅជនជាតិអាមេរិកកុំលើកទឹកចិត្តឱ្យជនជាតិអាហ្វហ្គានីស្ថានចាកចេញ ... យើងត្រូវការទេពកោសល្យរបស់ពួកគេ”។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមតាលីបង់មិនពេញចិត្តក្នុងការអនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានចាកចេញពីប្រទេសនោះទេ ហើយថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែសីហាសម្រាប់ការជម្លៀសចេញពីរដ្ឋធានីកាប៊ុលដោយបស្ចិមប្រទេស និងប្រទេសដទៃទៀតទំនងជាមិនត្រូវបានពន្យារទេ។
អ្នកនាំពាក្យក្រុមតាលីបង់ដដែលនេះបានបន្ថែមទៀតថា នៅក្នុងការអំពាវនាវដល់អ្នកដែលនៅតែព្យាយាមចាកចេញថា ពួកគេនឹងមានសុវត្ថិភាពប្រសិនបើពួកគេបន្តនៅអាហ្វហ្គានីស្ថាន “យើងធានាសន្តិសុខរបស់ពួកគេ”។ ជនជាតិអាហ្វហ្គានីស្ថានជាច្រើនខ្លាចការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់អ៊ីស្លាមដ៏សាហាវ ដែលពួកតាលីបង់បានអនុវត្តនៅពេលកាន់អំណាចចន្លោះពីឆ្នាំ១៩៩៦ ដល់ ២០០១ ជាពិសេសការគាបសង្កត់ស្ត្រី៕
អត្ថបទ៖ សុខមាន