
ប្រភពយោធាមួយបានប្រាប់សារព័ត៌មាន Reuters ថា អង្គការណាតូ (NATO) នឹងត្រូវការកងពលតូចចំនួនពី ៣៥ ទៅ ៥០កងពលបន្ថែម ដើម្បីសម្រេចឲ្យបានទាំងស្រុងនូវផែនការថ្មីរបស់ខ្លួន ដើម្បីការពារប្រឆាំងនឹងការវាយប្រហារពីប្រទេសរុស្ស៊ី។
ប្រភពដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីផែនការដែលជាការសម្ងាត់នេះទេ។ កងពលតូចមួយក្រុមត្រូវមានកងទ័ពពី ៣.០០០ ទៅ ៧.០០០នាក់ ដូច្នេះការបង្កើតកងពលពី ៣៥ ទៅ ៥០កងពលបន្ថែមទៀត នឹងបង្ហាញពីបញ្ហាប្រឈមដ៏ធំមួយ។

ជាមួយគ្នានេះ ប្រភពសន្តិសុខមួយ បានប្រាប់ឲ្យដឹងថា ប្រទេសអាល្លឺម៉ង់តែឯង នឹងត្រូវដំឡើងសមត្ថភាពការពារដែនអាកាសរបស់ខ្លួន ៣ដង ដែលជាការបង្ហាញនូវសញ្ញានៃទំហំបញ្ហាប្រឈមដ៏ធំធេងនៃការងាររបស់អង្គការណាតូ ខណៈដែលសម្ព័ន្ធភាពយោធាមួយនេះលើកម្ពស់ស្ថានភាពយោធារបស់ខ្លួនឡើងវិញ ដើម្បីត្រៀមឲ្យបានរឹងមាំ សម្រាប់ការវាយប្រហាររបស់រុស្ស៊ីដែលអាចកើតមាន បន្ទាប់ពីមានការលុកលុយលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី កាលពីឆ្នាំមុន បណ្ដាមេដឹកនាំនៃប្រទេសមាជិកអង្គការណាតូ បានយល់ព្រមលើផែនការការពារដ៏សំខាន់ដំបូងរបស់សម្ព័ន្ធភាព ក្នុងរយៈពេលជាង ៣ទសវត្សរ៍ ហើយក្រុមមន្ត្រីបាន និងកំពុងធ្វើការ ដើម្បីកែប្រែឯកសារទៅជាការទាមទារយោធាជាក់ស្តែង ចាប់តាំងពីពេលនោះមក៕