
កម្លាំងទ័ពអាកាសរបស់អ៊ុយក្រែន បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ប្រឆាំងនឹងគោលដៅរបស់អ៊ុយក្រែន នៅថ្ងៃចន្ទនេះ ដោយសំឡេងផ្ទុះគ្រាប់ ត្រូវបានឮពាសពេញរដ្ឋធានីគីវ។
កងកម្លាំងអាកាស បាននិយាយថា ការវាយប្រហារពេលថ្ងៃរួមមានមីស៊ីលល្បឿនជាងសំឡេង Kinzhal ដែលជាអាវុធទំនើបបំផុតរបស់រុស្ស៊ី។ មីស៊ីល Kinzhal ហោះហើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់១០ដង ដែលធ្វើឲ្យពិបាកក្នុងការស្ទាក់ចាប់។ អគារជាច្រើននៅក្នុងទីក្រុងនេះ បានញ័ររញ្ជួយពីការបំផ្ទុះ។
រដ្ឋបាលទីក្រុងគីវ បានរាយការណ៍ថា កម្ទេចកម្ទី ដែលបានធ្លាក់មកនោះ សន្មតថា មកពីមីស៊ីលដែលស្ទាក់ចាប់បាន នៅក្នុងសង្កាត់ Solomianskyi, Dniprovskyi, Holosiivskyi និង Shevchenkivskyi នៃទីក្រុង គីវ ដោយមានអគ្គិភ័យចាប់ផ្តើមឆេះ ហើយផ្សែងហុយចេញពីសង្កាត់មួយចំនួននៃទីក្រុងគីវ។

ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andrii Yermal បាននិយាយថា ការវាយប្រហារនេះ បានកើតឡើង នៅពេលដែលមនុស្សជាច្រើន នៅតាមផ្លូវនានា ក្នុងទីក្រុងនេះ។
អភិបាលក្រុងគីវ លោក Vitali Klitschko បានអះអាងថា មនុស្សយ៉ាងហោចណាស់បីនាក់ បានរងរបួស ហើយថា ការវាយតម្លៃជាផ្លូវការអំពីផលវិបាកនៃការវាយប្រហារ កំពុងត្រូវបានធ្វើឡើង។ លោកបាននិយាយថា រថយន្តសង្គ្រោះបន្ទាន់ កំពុងធ្វើដំណើរទៅកាន់សង្កាត់ Solomianskyi ដោយបានបន្ថែមថា មន្ទីរពេទ្យកុមារមួយកន្លែង ត្រូវបានរងការវាយប្រហារ។