ប្រណាំងកង់៖ កីឡាករសញ្ជាតិណ័រវេយ Christian Eiking បានឡើងទៅនាំមុខគេរួមក្រោយការប្រកួតដំណាក់កាលទី ១០ នៃព្រឹត្តិការណ៍ប្រណាំងកង់ Grand Tour, Vuelta a Espana បន្ទាប់ពីអ្នកការពារតំណែងជើងឯក Primoz Roglic ស្ថិតក្នុងក្រុមកីឡាករដែលប៉ះទង្គិចអំឡុងការប្រកួត។

ដំណាក់កាលទី ១០ ដែលមានចំងាយផ្លូវ ១៨៩គីឡូម៉ែត្រ អ្នកឈ្នះគឺកីឡាករអូស្ត្រាលី Michael Storer ដែលមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៩នាទី ២១វិនាទី តាមពីក្រោយដោយកីឡាករប៊ែលហ្ស៊ិក Mauri Vansevenant យឺតជាង ២២វិនាទី និងលេខ៣ កីឡាករបារាំង Clement Champoussin។ ក្រោយ ១០ដំណាក់កាលនេះកីឡាករណ័រវេយ Christian Eiking ដែលបានបញ្ចប់ដំណាក់កាលទី ១០ នៅចំណាត់ថ្នាក់ទី៥ នោះបានឡើងមកនាំមុខគេក្នុងតារាងរួមមានថេរវេលាសរុប ៣៨ម៉ោង ៣៧នាទី ៤៦វិនាទី តាមពីក្រោយ ៥៨វិនាទីដោយកីឡាករបារាំង Guillaume Martin ខណៈអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Primoz Roglic ដែលនាំមុខគេរួមជាច្រើនដំណាក់កាលមកហើយនោះធ្លាក់ទៅលេខ៣ ខាតបង់ពេលវេលាដល់ទៅ ២នាទី ១៧វិនាទីពីអ្នកនាំមុខ។ សំរាប់ដំណាក់កាលទី ១១ ថ្ងៃពុធនេះមានចំងាយផ្លូវ ១៣៣.៦គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ