
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាជុំទី ៥ របស់ពួកគេស្តីពីការចែករំលែកការចំណាយសម្រាប់ការឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិក ២៨.៥០០ នាក់ នៅកូរ៉េខាងត្បូង នៅសប្តាហ៍នេះ។
នេះបើយោងតាមក្រសួងការបរទេស ជុំចុងក្រោយនៃកិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀងវិធានការពិសេស នឹងប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ពីថ្ងៃពុធដល់ថ្ងៃសុក្រ។ ការចរចាជុំទី៤នេះ ត្រូវបានធ្វើឡើង នៅចុងខែ មិថុនា។
សម្ព័ន្ធមិត្តទាំងពីរ បានចាប់ផ្តើមការចរចាកាលពីខែមេសា លឿនជាងការរំពឹងទុក ចំពេលមានការរំពឹងទុកថា ទីក្រុងសេអ៊ូល ចង់បានកិច្ចព្រមព្រៀងដំបូង ដើម្បីជៀសវាងការចរចាដ៏តឹងតែងជាមួយទីក្រុងវ៉ាស៊ីនតោន ក្នុងករណីដែលអតីតប្រធានាធិបតី Donald Trump ត្រឡប់ទៅកាន់តំណែងសេតវិមានវិញ។

មន្ត្រីក្រសួងការបរទេសម្នាក់ បាននិយាយថា៖«រដ្ឋាភិបាល គ្រោងនឹងចូលរួមក្នុងកិច្ចពិភាក្សា ក្រោមជំហរថា ការចែករំលែកការចំណាយ គួរតែស្ថិតក្នុងកម្រិតសមហេតុផលមួយ ដើម្បីរក្សាបរិយាកាសស្ថិរភាពសម្រាប់ការឈរជើងរបស់កងកម្លាំងសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង ដើម្បីពង្រឹងជំហរការពារជាតិរួមគ្នា»។