
វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនមើលមិនឃើញពីឆន្ទៈនយោបាយរឹងមាំ នៅក្នុងប្រទេសបារាំង ដែលមានគោលបំណងស្តារទំនាក់ទំនងឡើងវិញ រវាងទីក្រុងមូស្គូ និងទីក្រុងប៉ារីសនោះទេ ប៉ុន្តែនឹងតាមដាននូវការបង្កើតរដ្ឋាភិបាលថ្មីរបស់បារាំងដោយយកចិត្តទុកដាក់ ក្រោយការបោះឆ្នោត នៅទីនោះ។
គួរជ្រាបថា គណបក្សជាតិនិយមជ្រុលរបស់លោកស្រី Marine Le Pen គឺគណបក្សរួបរួមជាតិ (RN) ដែលគូប្រជែងបានចោទប្រកាន់ថា មានភាពទន់ភ្លន់ពេក ចំពោះរុស្ស៊ី មិនអាចទទួលបានជ័យជម្នះឡើយ នៅក្នុងការបោះឆ្នោតមុនអាណត្តិ កាលពីថ្ងៃអាទិត្យ (ទី៧ ខែកក្កដា) ដូចដែលការស្ទង់មតិបានព្យាករនោះឡើយ ដោយសម្ព័ន្ធភាពឆ្វេងនិយម ឈរទី១ យ៉ាងគួរឲ្យភ្ញាក់ផ្អើល នៅក្នុងសភា ដែលឥឡូវនេះ ត្រូវជាប់គាំង។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ជ័យជម្នះនៃកម្លាំងនយោបាយដែលនឹងជាអ្នកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារទំនាក់ទំនងទ្វេភាគីរបស់យើងឡើងវិញ គឺពិតជាប្រសើរណាស់ សម្រាប់រុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ យើងមើលមិនឃើញឆន្ទៈនយោបាយច្បាស់លាស់បែបនេះ នៅក្នុងនរណាម្នាក់នោះឡើយ ដូច្នេះហើយយើងមិនមានសង្ឃឹម ឬគំនិតជាពិសេសណាមួយ ទាក់ទងនឹងរឿងនេះទេ»។
គួរបញ្ជាក់ដែរថា ទីក្រុងមូស្គូបានបញ្ចុះបញ្ចូលបណ្ដាមេដឹកនាំអឺរ៉ុបជាយូរយារណាស់មកហើយ ពាក់ព័ន្ធនឹងនយោបាយស្ដាំជ្រុលនិយមរបស់អឺរ៉ុប ហើយមានបំណងចង់ទាញចំណេញពីសញ្ញាណាមួយនៃការបែកបាក់ នៅក្នុងទ្វីបអឺរ៉ុប ដែលអាចធ្វើឲ្យការគាំទ្រដល់ប្រទេសអ៊ុយក្រែនចុះខ្សោយ៕
