
ប្រទេសចិន នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ បាននិយាយថា ការចតទុកចោល «ដោយខុសច្បាប់» នូវនាវាចម្បាំងហ្វីលីពីន នៅប្រជុំកោះ Nansha ក្នុងសមុទ្រចិនខាងត្បូង «បានធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ» ដល់ប្រព័ន្ធអេកូឡូស៊ីនៃតំបន់ថ្មប៉ប្រះទឹក ខណៈដែលប្រទេសទាំង២ ប្រទាញប្រទង់គ្នាក្នុងដែនដីដែលមានជម្លោះ នៅឯប្រជុំកោះ ក្នុងផ្លូវទឹកដ៏ធំល្វឹងល្វើយមួយនេះ។
ក្រសួងធនធានធម្មជាតិរបស់ប្រទេសចិន នៅក្នុងរបាយការណ៍ដ៏ទូលំទូលាយមួយ បានលើកឡើងថា នាវាចម្បាំងហ្វីលីពីន ត្រូវបាន «ចតទុកចោលដោយខុសច្បាប់» នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្បែរកោះ Nansha អស់រយៈពេលជាយូរមកហើយ «ហើយវាបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ភាពចម្រុះ ស្ថិរភាព និងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីថ្មប៉ប្រះទឹក»។

មិនទាន់មានការអត្ថាធិប្បាយភ្លាមៗនោះឡើយ ទាំងពីអ្នកនាំពាក្យនៃឆ្មាំល្បាតឆ្នេរហ្វីលីពីន និងកងទ័ពជើងទឹកហ្វីលីពីន ចំពោះការអះអាង ឬរបាយការណ៍របស់ចិននេះ។
គួរបញ្ជាក់ថា ចិនទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូងថា ជាទឹកដីរបស់ខ្លួន។ ទីក្រុងប៉េកាំងបានច្រានចោលចំពោះសេចក្តីសម្រេចឆ្នាំ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ ដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដែលបានកំណត់ថា ការទាមទារដែនសមុទ្រដ៏ធំរបស់ខ្លួនមិនមានមូលដ្ឋានផ្លូវច្បាប់នោះទេ៕