
នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស លោក Keir Starmer នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ បានសន្យាថា នឹងមាននូវកិច្ចព្រមព្រៀងដ៏ប្រសើរ ជាមួយសហភាពអឺរ៉ុប (EU) ជុំវិញច្បាប់ពាណិជ្ជកម្មក្រោយ Brexit (ការចាកចេញពីអឺរ៉ុបរបស់ចក្រភពអង់គ្លេស) ជាង «កិច្ចព្រមព្រៀងទន់ខ្សោយ» ដែលទទួលបានដោយអតីតនាយករដ្ឋមន្ត្រី លោក Boris Johnson។
ដោយថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុង Belfast ប្រទេសអៀរឡង់ខាងជើង ដែលជាផ្នែកនៃដំណើរទស្សនកិច្ចនៅប្រទេសទាំង៤ របស់ចក្រភពអង់គ្លេស លោក Starmer បានគូសបញ្ជាក់ថា ការលើកកម្ពស់ទំនាក់ទំនងរបស់ចក្រភពអង់គ្លេសជាមួយ EU នឹងតម្រូវឲ្យមានការប្តេជ្ញាចិត្ត ដើម្បីរក្សាកិច្ចព្រមព្រៀងដែលមានស្រាប់។

លោក Starmer បាននិយាយថា៖ «យើងនឹងមិនអាចទទួលបានទំនាក់ទំនងប្រសើរជាងនេះនោះទេ ប្រសិនបើយើងមិនបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងនៃកិច្ចព្រមព្រៀងដែលត្រូវបានដាក់ឲ្យដំណើរការរួចហើយ»។
លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកឥឡូវ មាន «នូវសិទ្ធិអំណាចដ៏រឹងមាំ ដើម្បីឲ្យមានការកែប្រែ» សម្រាប់ទំនាក់ទំនងផ្សេងគ្នាជាមួយ EU ពោលគឺវិធីផ្សេងគ្នាក្នុងការធ្វើនយោបាយ»៕