ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា នៅថ្ងៃទី៨ កក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យមូលបត្រនៅកម្ពុជា”និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ”។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា ក្រោយចប់ពិធីចុះ MOU នេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា កម្មវិធីក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតនូវកិច្ចសហការក្នុងការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលនឹងក្លាយជាវិនិយោគិន និងជាធនធានមនុស្សដ៏មានសក្តានុពលក្នុងវិស័យមូលបត្រនាពេលអនាគត។ ឯកឧត្តម បានបន្តថា ទាក់ទិនសិក្ខាសាលានេះផងដែរ បាន បញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យមូលបត្រសម្រាប់និស្សិត ដែលជាទំពាំងស្នងឬស្សី ឱ្យចេះរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ព្រមទាំងបណ្តុះនូវទម្លាប់សន្សំ និងវិនិយោគក្នុងវ័យសិក្សា ជាពិសេសទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះនៃវិស័យមូលបត្រផងដែរ។
លោកបណ្ឌិត ផុន ណារិន បានលើកឡើងថា “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រដល់និស្សិត ដែលជាវិនិយោគិនដ៏មានសក្ដានុពលនាពេលអនាគត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោកបណ្ឌិត បន្ថែមទៀតថា តាមរយៈការចុះ MOU នេះ សាកលវិទ្យាល័យពាណិជ្ជសាស្រ្ត អេស៊ីលីដា នឹងរៀបចំកម្មវិធីសិក្សាសម្រាប់ការបណ្ដុះបណ្ដាលអភិបាលនៅក្នុងវិស័យមូលបត្រ ឱ្យស្របតាមស្ដង់ដារ និងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ដោយមានការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា។
នាឱកាសនេះដែរ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគហ៊ុនិកនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាន៍ថា កិច្ចសហប្រតិបត្តិការគ្នាខាងលើនេះ គឺជាមាគ៌ាថ្មីមួយដែលនឹងបណ្តល់ជូនវគ្គបណ្តុះបណ្តាលដ៏មានសក្តានុពលក្នុងវិស័យមូលបត្រ ជូនដល់និស្សិត សាធារណៈជន សមាជិកក្រុមប្រឹក្សាភិបាល ឬអភិបាលក្រុមហ៊ុនរបស់ក្រុមហ៊ុនចុះបញ្ជីបោះផ្សាយមូលបត្រ និងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ដែលមានតម្រូវការស្វែងយល់ឱ្យកាន់តែច្បាស់ អំពីការរៀបចំគោលនយោបាយនៃការអនុវត្តអភិបាលកិច្ចសាជីវកម្ម ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជំរុញ និងគាំទ្រដល់ដំណើរការនៃការគ្រប់គ្រងអាជីវកម្មរបស់ស្ថាប័ន និងការអភិវឌ្ឍមួយប្រកបដោយនិរន្តរភាព៕
អត្ថបទ ឈិត បូរ៉ាវី












