ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលជាស្ថាប័នជំនាញលើវិស័យមីនបានបើកវគ្គបណ្តុះ បណ្តាលថ្មីដល់កងកម្លាំងទាហានកូឡុំប៊ី ជាសិក្ខាកាមសកម្មភាពកម្ចាត់មីននៃប្រទេសកូឡុំប៊ីចំនួន១០ រូបបន្ថែមទៀត ដើម្បីបង្កើនចំណេះជំនាញ និងការគ្រប់គ្រងប្រតិបត្តិការលើវិស័យដោះមីន ។ ខណះប្រទេសកូឡុំប៊ីនេះ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនខ្លាំងបំផុតរបស់ពិភពលោក ដោយសារតែជម្លោះផ្ទៃក្នុងដែលមានអាយុ កាលរាប់ទសវត្សរ៍នោះ ។
ការបើកវគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និង បច្ចេកទេសបោសសម្អាតមីន ដល់កងកម្លាំងទាហានកូឡុំប៊ីទាំង១០ នាក់បន្ថែមទៀតនេះ ប្រព្រឹត្តឡើងនៅវេលាថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ ភូមិរ៉ូ អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោកស្រី KATO Aiko តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនចៃកានិង លោក Andrés Goyeneche ទីប្រឹក្សា AICMA Group ផងដែរ ។
យោងតាមរបាយការណ៍របស់ លោក ធុន សុឃា ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងគម្រោងបានឱ្យដឹងថា វគ្គហ្វឹនហ្វឺននៅថ្ងៃនេះជាវគ្គទី១ នៃតំណាក់កាលទី៣ ដែលមានរយៈពេល៣ឆ្នាំគិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលគាំទ្រថវិកាទាំងស្រុងដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ។
សម្រាប់វគ្គហ្វឹកហ្វឺនស្តីពីការស្រាវជ្រាវទិន្នន័យចម្ការមីន និងបច្ចេកទេសបោសសម្អាតមីននេះ មានរយៈពេល ៣ សប្តាហ៍ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នំា ២០២៤ដែលមានសិក្ខាកាមកូឡុំបីចូលរួមសរុបចំនួន ១០ រូប ផ្តោតសំខាន់លើជំនាញ ១) ការស្រាវជ្រាវទិន្នន័យចម្ការមីន(Baseline Survey) ២) ការស្រាវជ្រាវមិនបច្ចេក ទេស(Non-Technical Survey) និង៣) ការស្រាវជ្រាវបច្ចេកទេស (Technical Survey) ដោយការហ្វឹកហ្វឺននេះ ក្នុង១សប្ដាហ៍សម្រាប់ទ្រឹស្ដីក្នុងថ្នាក់៣ ថ្ងៃ សម្រាប់សិក្សានៅទីវាល ២ ថ្ងៃ សម្រាប់សរុបលទ្ធផលក្រោយការហ្វឹកហ្វឺន និង ៣ ថ្ងៃ សម្រាប់សិក្ខាសាលា។
គួររំលឹកផងដែរថា ប្រទេសកូឡុំប៊ីគឺជាប្រទេសដំបូងគេដែលទទួលការហ្វឹនហ្វឺនសហប្រតិបត្តិការត្បូង-ត្បូង ក្នុងវិស័យសកម្មភាពមីន នៅក្នុងឆ្នាំ២០១០ដល់ឆ្នាំ ២០១១ សម្រាប់តំណាក់កាលទីមួយ និងចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ សម្រាប់តំណាក់កាលទីពីរ ដោយមានការបណ្តុះ បណ្តាលនៅប្រទេសកូឡុំប៊ីផងដែរ ដែលមានសិក្ខាកាមទាំងអស់សរុបជិត២០០នាក់។ ដោយឡែកសម្រាប់តំណាក់កាលទីបី មានចំនួន៥ វគ្គ ហើយវគ្គបន្ទាប់អង្គភាពស៊ីម៉ាក់នឹងបញ្ជូនមន្រ្តីជំនាញទៅបណ្តុះបណ្តាលដោយផ្ទាល់នៅប្រទេសកូឡុំប៊ីវិញ ។កន្លងមកកម្ពុជាក៏ធ្លាប់បានបញ្ជូនគ្រូជំនាញបោសសំអាតមីនចេញទៅបង្រៀននៅប្រទេសកូឡុំប៊ីដែរ កាលពីខែធ្នូ ឆ្នាំ ២០២១កន្លងទៅ ដែលកាល នោះទៅមានគ្នា ៣ នាក់ទៅបង្រៀនមេទាហានគេតែម្តង ដោយបង្រៀនពីការគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការគ្រប់ គ្រងព័ត៌មានវិទ្យា និងគ្រប់គ្រងការហ្វឹកហ្វឺន» ៕
អត្ថបទ ៖ ភារម្យ










