ព្រះវិហារ៖ លោកអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាព បានកោតសសើរចំពោះកម្លាំងជំនាញដោះមីនរបស់កម្ពុជា ថាមិនត្រឹមតែបំពេញការងារក្នុងការបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំងជួយដល់ជនរងគ្រោះនៅតាមសហគមន៍ ព្រមទាំងរួមចំណែកដល់សកម្មភាពមីនមនុស្សធម៌ និងរក្សាសន្តិភាពនៅក្រៅប្រទេសទៀតផង។
ក្នុងពេលចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីនរបស់អង្គការ APO PO ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែនខេត្ត ព្រះវិហារ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែករក្សាសន្តិភាពក្រៅពីបានមើលឃើញយ៉ាងច្បាស់ពីភាពរីកចម្រើន និងមានសមត្ថភាពក្នុងសកម្មភាពបោសសំអាតមីនហើយត្រូវបានគេចាត់ទុកកម្ពុជាជាប្រទេសគំរូមួយនោះ លោកអគ្គលេខាធិការរង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការធានាបាននូវសុខសុវត្ថិភាព និងសន្តិភាពដល់បណ្តាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ផងដែរ។
ជាការឆ្លើយតបវិញនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិដែលរួមចំណែកដល់ដំណើរការរក្សាសន្តិភាព ក៏ដូចជាគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក រហូតដល់បច្ចុប្បន្ន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា ភាពជោគជ័យនៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី លីធុជ ក៌បានថ្លែងបញ្ជាក់ផងដែរថា ខេត្តព្រះវិហារ គឺជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀត ដែលបាននិងកំពុងទទួលផលប្រយោជន៍ពីគម្រោងបោសសម្អាតមីនរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គការសហប្រជាតិ នៅចម្ការមីនកំពុងបោសសម្អាតរបស់អង្គការ APOPO គាំទ្រពីប្រទេសបែលហ្សិក គឺជាផ្នែកមួយក្នុងការរួមចំណែកធ្វើឱ្យខេត្តព្រះវិហារប្រសើរឡើង និងរួចផុតពីគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាពិសេសឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបានសុខសុវត្ថិភាពដល់សហគមន៍ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកកោះកេរ៕ អត្ថបទ ៖ ភារម្យ









