
នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico បានបង្ហាញខ្លួនជាសាធារណៈ នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ ដែលនេះជាលើកទី២ គិតចាប់តាំងពីមានហេតុការណ៍ប៉ុនប៉ងធ្វើឃាត កាលពីខែឧសភា។ លោកបានជួបកសិករនៅថ្ងៃប្រមូលផល ខណៈដែលដើរដោយមានឈើច្រត់ទប់។
អំឡុងជំនួបនោះ លោក Fico ដែលកំពុងជាសះស្បើយឡើងវិញ បន្ទាប់ពីត្រូវបានគេបាញ់ចំនួន ៤គ្រាប់នៅចម្ងាយដ៏កៀក កាលពីពាក់កណ្តាលខែឧសភា បានលើកឡើងអំពីស្ថានភាពហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់ប្រទេស ហើយបាននិយាយថា ស្លូវ៉ាគីកំពុងខិតទៅជិត «ស្តង់ដារនៃការរស់នៅរបស់សហភាពអឺរ៉ុប»។

ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ផងដែរថា ការប្រមូលផលស្រូវសាលី កំពុងកើតឡើងលឿនជាងអ្វីដែលលោកចងចាំតាំងពីកុមារភាព ដោយការប្រែប្រួលនេះ មកពីការឡើងកម្ដៅផែនដី។
គួរបញ្ជាក់ថា លោក Fico កាលពីថ្ងៃសុក្រ (ទី៥ ខែកក្កដា) បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង នៅក្នុងពិធីនាពេលល្ងាចមួយ ដែលធ្វើឡើង ដើម្បីប្រារព្ធទិវា Saints Cyril និង Methodius ដែលជាថ្ងៃឈប់សម្រាកសាធារណៈ នៅប្រទេសស្លូវ៉ាគី៕
