ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំ ព្រឹកនេះបានបែងចែកជា៣ របៀបវារៈសម្រាប់ជាមូលដ្ឋានរាយការណ៍រួមមាន (១)ការធ្វើវឌ្ឍនភាព លើរបាយការណ៍វិភាគមុខងារ (២) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន និង(៣) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល។
មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារផង ដកស្រង់បទពិសោធ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំង និងដាក់ចេញទិសដៅរួមគ្នាដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។







