ភ្នំពេញ ៖ សមាគមមិត្តភាពកម្ពុជា និងឡាវ និងសមាគមមិត្តភាពឡាវ និងកម្ពុជានឹងបង្កើតសមាគមមិត្តភាពជាមួយគ្នានៅតាមបណ្តាខេត្តនានាជាពិសេស ខេត្តដែលជាប់តាមបណ្តាព្រំដែននៃប្រទេសទាំងពីរ ក្នុងគោលបំណងបង្កើនភាពស្និតស្នាលរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គម្រោងនៃការបង្កើតសមាគមមិត្តភាព រវាងប្រទេសទាំងពីរឲ្យដល់ថ្នាក់ខេត្តនេះ គឺបានធ្វើឡើងក្រោយមានសំណើររបស់ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា នៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយកម្ពុជា ដែលដឹកនាំដោយឯកឧត្តម នាង ផាត សមាជិកព្រឹទ្ធ សភា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។
ឯកឧត្តម លី ហុង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា និងឡាវ បានថ្លែងប្រាប់ទូរទស្សន៍ប៊ីធីវី ក្រោយ កិច្ចប្រជុំថា គោលបំណងនៃការបង្កើតសមាគមមិត្តភាពរវាងកម្ពុជា និងឡាវនេះគឺដើម្បីលើកកម្ពស់ទំនាក់ទំ នងរបស់ប្រជាជនប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសគឺការពឹកពាក់ទំនាក់អាស្រ័យនៃការ រកស៊ីជាមួយគ្នា និងក៏ដើម្បីជំរុញឲ្យប្រជាជនប្រទេសទាំងពីរធ្វើដំណើរកំសាន្តនៅខេត្ត ឬតំបន់ដែលមានសក្តានុ ពលទេសចរណ៍របស់ប្រទេសទាំងពីរឲ្យកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាគមមិត្តភាពកម្ពុជា និងឡាវ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់ឆ្នាំ២០២៤នេះ គឺដើម្បីរក្សានូវទំនាក់ទំនងដែលមានស្រាប់ និងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែម ដើម្បី ធ្វើយ៉ាងណាផ្តល់គុណប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតដូចអ្វី ដែល ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរចង់បាន និងបានសន្យានាពេលកន្លងមកយ៉ាងដូច្នេះដែរ៕
អត្ថបទ ៖ បាន ចក់









