ការប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានធ្លាក់ត្រូវមន្ទីរពេទ្យកុមារដ៏ធំនៅទីក្រុងគីវ ក្នុងពេលថ្ងៃកាលពីថ្ងៃចន្ទ (០៨ កក្កដា) ហើយរុស្ស៊ី ក៏បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៣៦ នាក់នៅក្នុងការវាយប្រហារតាមអាកាសដ៏បង្ហូរឈាមបំផុតអស់រយៈពេលជាច្រើនខែ។

ឪពុកម្តាយដែលបីទារកបានដើរតាមផ្លូវនៅខាងក្រៅមន្ទីរពេទ្យដោយភាពភិតភ័យ និងស្រក់ទឹកភ្នែក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏កម្រមួយនាពេលថ្ងៃ។ បង្អួចអគារត្រូវខ្ទេចខ្ទី ហើយជញ្ជាំងត្រូវប្រះបែក ខណៈអ្នកក្រុងគីវ រាប់រយនាក់កំពុងជួយសម្អាតកម្ទេចកម្ទីពីការវាយប្រហារ។

រដ្ឋាភិបាលបានប្រកាសការកាន់ទុក្ខរយៈពេលមួយថ្ងៃនៅថ្ងៃអង្គារ (០៩ កក្កដា) នេះសម្រាប់ការវាយប្រហារតាមអាកាសដ៏អាក្រក់បំផុតមួយនៃសង្រ្គាម ដោយនោះបង្ហាញថា អ៊ុយក្រែនត្រូវការការធ្វើឱ្យប្រសើរឡើងជាបន្ទាន់នូវប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនពីបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន។

កងទ័ពអាកាសបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់មីស៊ីលចំនួន ៣០ ក្នុងចំណោម ៣៨ គ្រាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា អគារស៊ីវិលចំនួន ៥០ ទីតាំងរួមទាំងលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែង និងមូលដ្ឋានពេទ្យចំនួនពីរកន្លែងត្រូវបានខូចខាតនៅក្នុងទីក្រុងគីវ កណ្តាលទីក្រុងគ្រីវយី រីហ្វ (Kryvyi Rih) និងក្រុង ឌីនីប្រូ (Dnipro) រួមទាំងទីក្រុងភាគខាងកើតចំនួនពីរ។ សេវាសន្តិសុខអ៊ុយក្រែន បានកំណត់អត្តសញ្ញាណមីស៊ីលទាំងនោះថាជាមីស៊ីលតម្រង់គោលដៅ Kh-101៕