មនុស្សយ៉ាងហោចណាស់ ៣ នាក់បានស្លាប់ ខណៈព្យុះសង្ឃរា ប៊ើរៀល (Beryl) បានបោកបក់ចូលភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ (Texas) ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់មនុស្សប្រមាណ២លាន៧សែននាក់ ខណៈនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកយ៉ាងខ្លាំងក្លា។

នៅពេលព្យុះសង្ឃរា ប៊ើរៀល បានវាយប្រហារដំបូងនៅព្រឹកថ្ងៃចន្ទក្នុងរដ្ឋតិចសាស់ ព្យុះដ៏មានឥទ្ធិពលនេះបានបោកបក់ចូលមកដល់ដីគោក ជាព្យុះសង្ឃរាប្រភេទទី ១ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានធ្លាក់ចុះជាព្យុះត្រូពិចវិញ។

ក្រុមមន្ត្រីបានព្រមានពីខ្យល់បក់បោកខ្លាំង និងកម្រិតទឹកភ្លៀងរហូតដល់ ១៥ អ៊ីញ ឬស្មើ ៣៨សង់ទីម៉ែត្រ និង ជាព្យុះដែលគំរាមកំហែងដល់អាយុជីវិត ។
ជើងហោះហើរជាង១.៣០០ នៅអាកាសយានដ្ឋានដ៏ធំបំផុតរបស់ក្រុងហ៊ូស្តុនត្រូវបានលុបចោល។
ការិយាល័យអភិបាលរដ្ឋបានដាស់តឿនអ្នកស្រុកម្តងហើយម្តងទៀតកុំឱ្យមើលស្រាលព្យុះដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់នៅតំបន់សមុទ្រការ៉ាអ៊ីប ប៉ុន្មានថ្ងៃមុន។
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ដ៏គំហុក បានកើតឡើងនៅក្នុងតំបន់ជាច្រើននៅរដ្ឋតិចសាស់ ជាទីដែលកម្ពស់ទឹកភ្លៀងបានហក់ឡើងខ្ពស់ក្នុងរយៈពេល២ឬ៣ម៉ោង ប៉ុណ្ណោះ៕