ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្តេជ្ញាជាថ្មីម្ដងទៀតក្នុងការបន្តកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញរបស់ខ្លួនកាលពីថ្ងៃចន្ទ (០៨ កក្កដា) ដោយច្រានចោលការព្រួយបារម្ភរបស់សមាជិកបក្សប្រជាធិបតេយ្យមួយចំនួននៅវិមាន កាពីតូល (Capitol) និងម្ចាស់ជំនួយ ដែលថាការរឹងទទឹងរបស់លោកអាចធ្វើឱ្យគណបក្សពួកគេបាត់បង់តំណែងសេតវិមាន និងសភា ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ។

លោក Biden វ័យ ៨១ ឆ្នាំបាននិយាយថា បេក្ខជនណាម្នាក់ដែលសង្ស័យសមត្ថភាពរបស់លោកអាចទៅប្រកួតប្រជែងនឹងលោកបាន នៅក្នុងសន្និបាតជាតិប្រជាធិបតេយ្យក្នុងខែសីហា ដោយនោះជាកិច្ចប្រឹងប្រែងដែលមិនមានឱកាសជោគជ័យទេ លុះត្រាតែលោកអនុញ្ញាតឱ្យគណៈប្រតិភូដែលលោកបានឈ្នះនៅក្នុងការបោះឆ្នោតបឋមនៅឆ្នាំនេះ ពិចារណាបេក្ខជនផ្សេងទៀត។

លោក Biden បាននិយាយនៅក្នុងការហៅទូរសព្ទដែលលោកបញ្ជូនឱ្យទៅកម្មវិធី «អរុណសួស្ដីប្រធានាធិបតី» (Morning Joe) របស់ទូរទស្សន៍ MSNBC ថា៖ «ចំណុចសំខាន់នៅទីនេះគឺថាខ្ញុំមិនចេញទៅណាទេ»។ លោកបានបញ្ជូនសារនោះបន្តទៅប្រាប់ម្ចាស់ជំនួយ តាមការហៅទូរសព្ទផ្ទាល់ខ្លួននៅពេលល្ងាចថ្ងៃដដែល នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានោះ។

លោក Biden ប្រឈមមុខនឹងសប្តាហ៍ដ៏តានតឹងមួយ ខណៈលោកព្យាយាមបន្តយុទ្ធនាការបោះឆ្នោត ដែលរងភាពង្គោះរង្គើ ចាប់តាំងពីការជជែកដេញដោលដ៏រអាក់រអួលកាលពីថ្ងៃទី២៧ ខែមិថុនា ប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump) ដោយនោះបានចោទជាសំណួរអំពីសមត្ថភាពរបស់លោកក្នុងការបន្តតំណែងសម្រាប់រយៈពេល ៤ ឆ្នាំកន្លះទៀត៕