កណ្ដាល ៖ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមគង់ សោភ័ណ្ឌ បានធានាសងដីជូនបងប្អូនប្រជាពលរដ្ឋ ដែលមានដីនៅព្រលានយន្តហោះថ្មីឡើងវិញ ប្រសិនបើបងប្អូនមិនទទួលបានលុយគ្រប់ចំនួនពីការសន្យារបស់ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុន បានសិទ្ធិសាងសង់ព្រលានយន្តហោះថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ។
នៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដីចំនួនជាង៣០ប័ណ្ណ ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី២៥ ខែសីហានេះ។
ឯកឧត្តម បានលើកឡើងថា បើបងប្អូនប្រជាពលរដ្ឋយល់ព្រមដូដីលក់ដីជូនក្រុមហ៊ុននោះ បងប្អូនប្រជាពលរដ្ឋនឹងទទួលបានដីពិតប្រាកដ និងប្រាក់ស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជារាជរដ្ឋាភិបាល ហើយប្រសិន បើក្នុងករណីមិនទទួលបានដូចការអះអាងរបស់ឯកឧត្តមទេ ឯកឧត្តមធានាចេញសងជូនបងប្អូនវិញ។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងទៀតថា នាពេលបច្ចុប្បន្ននេះ គឺមានបងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីនៅក្នុងព្រលានយន្តហោះថ្មីចំនួនតិចទួចទៀតតែប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម និងចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរ ខណៈមានបងប្អូនជាច្រើនបានយល់ព្រមសហការ និងលក់ជូនក្រុមហ៊ុន ដើម្បីពន្លឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិនេះ។
ឯកឧត្តម បានបញ្ជាក់ថា «រដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១គ្រួសារ ដែលក្បាលដីក្នុងផ្លូវយន្តហោះ ដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការសាងសង់តាមពេលកំណត់។ តែក្រុមហ៊ុន CAICត្រូវត្រៀមទីតាំងដីសម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងរដ្ឋបាលស្រុកកណ្តាលស្ទឹង ត្រូវជួយសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន»។
ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបានអំពាវនាវដល់បងប្អូនឲ្យមានការយោគយល់ និងសូមទៅចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរតាមគោលការណ៍របស់រាជរដ្ឋាភិបាល តាមរូបភាពនៃការដោះដូរដី និងលក់ជូនក្រុមហ៊ុន ដើម្បីជំរុញដោះស្រាយបញ្ចប់បញ្ហាដី យកដីសាងសង់ព្រលានយន្តហោះ ស្របទៅតាមផែនការដែលបានគ្រោងទុកនោះ។
សូមបញ្ជាក់ថា ការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាលទំហំ ២៤២៦ហិកតា និងខេត្តតាកែវ ១៧៤ហិកតា។
ក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១៩ Runway) គ្រោងនឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ឆ្នាំ២០២៣ ដោយផ្លូវរត់នេះមានទទឹង១រយម៉ែត្រ បណ្តោយ៤ពាន់មែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតានោះ៕
អត្ថបទ បាន ចក់




