យោងតាមទីស្នាក់ការនគរបាលនេប៉ាល់ រហូតមកដល់ពេលនេះ មនុស្ស ៧០ នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះមហន្តរាយ រួមទាំងទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ឈរ ។

អ្នកនាំពាក្យនគរបាលកណ្តាល ដែលជាអធិការរងលោក ដាន បាហាឌូ កាគី (Dan Bahadur Karki) បានប្រាប់សារព័ត៌មាន RSS ថា មនុស្ស ៧០ នាក់បានស្លាប់ ៨៦ នាក់បានរងរបួស ហើយមនុស្ស៥នាក់បានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីដែលបានកើតឡើងនៅទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ១០ ខែមិថុនារហូតដល់សប្ដាហ៍នេះ។

នគរបាលបាននិយាយថា មនុស្សដែលរងរបួសក្នុងឧបទ្ទវហេតុបែបនេះកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក។
ឧបទ្ទវហេតុទឹកជំនន់ និងបំណាក់ដីបានកើតឡើងចំនួន៩៦៦លើកក្នុងអំឡុងពេលនេះ ស្របពេលដែលផ្ទះចំនួន ៨៦ ខ្នងត្រូវបានខូចខាត និងគោចំនួន ៣៣៥ ក្បាលបានងាប់។
ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានរងផលប៉ះពាល់នៅបច្ចុប្បន្ននេះ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ហើយកងកម្លាំងនគរបាលចំនួន៤.៧៩០នាក់ ត្រូវបានចល័តនៅក្នុងការងារជួយសង្គ្រោះ អំឡុងពេលនេះ៕