ប្រធានាធិបតីអ៊ុក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban មិនអាចសម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីបញ្ចប់សង្រ្គាមរយៈពេល២៨ខែបាននោះទេ ជាកិច្ចការដែលលោកបាននិយាយថា អាចធ្វើទៅបានដោយប្រទេសមហាអំណាចពិភពលោក ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប។

លោក Orban បានធ្វើទស្សនកិច្ចនៅទីក្រុងគីវ និងទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាកាលពីសប្តាហ៍មុន ហើយបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ដោយបានពណ៌នាអំពីការធ្វើដំណើរដែលមិនរំពឹងទុកដល់របស់លោក ទៅកាន់ទីក្រុងប៉េកាំងថាជាទីឈប់ចតជើងទីបីនៃ«បេសកកម្មសន្តិភាព»។ ខណៈមេដឹកនាំពិភពលោក រៀបចំកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា មានតែប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ឬប្រទេសដែលមានកងកម្លាំងប្រដាប់អាវុធខ្លាំងជាងរុស្ស៊ី ទើបអាចរៀបចំភារកិច្ចនៃការសម្រុះសម្រួលបាន។

លោក Zelenskyy បាននិយាយទៅកាន់សារព័ត៌មានអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញថា «តើមានប្រទេសខ្លាំងបែបនេះច្រើនទេនៅជុំវិញពិភពលោក? គឺមិនច្រើនទេ។ លោកជឿថាសហរដ្ឋអាមេរិក និងចិនគឺជាប្រទេសបែបនេះ ហើយសហភាពអឺរ៉ុប មិនមែនជាប្រទេសតែមួយទេ គឺសហភាពអឺរ៉ុបទាំងមូល។ លោក Zelenskyy បាននិយាយថា ទោះបីជា លោកPutin ជួបជាមួយរដ្ឋជាក់លាក់ណាមួយក៏ដោយ នេះមិនមានន័យថាលោកចង់បញ្ចប់សង្រ្គាមនោះទេ។
ទីក្រុងគីវ នៅតែបើកចំហចំពោះសំណើពីប្រទេសផ្សេងៗ អំពីរបៀបរៀបចំផ្លូវទៅកាន់សន្តិភាព ប៉ុន្តែប្រទេសទាំងនេះ គួរតែស្របតាមចក្ខុវិស័យរបស់អ៊ុយក្រែន ជាពិសេសផែនការសន្តិភាព១០ ចំណុច។
អ៊ុយក្រែន សង្ឃឹមថានឹងរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិជាលើកទីពីរ ដើម្បីពិចារណាលើសំណើរបស់ខ្លួនសម្រាប់សន្តិភាពនៅចុងឆ្នាំនេះ។ ប្រទេសចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុងមូស្គូ មិនបានចូលរួមកិច្ចប្រជុំលើដំបូងកាលពីខែមិថុនានោះទេ។