បេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោករំពឹងថាលោក ចូ បៃដិន (Joe Biden) នឹងនៅតែស្ថិតក្នុងការប្រជែងតំណែងសេតវិមាន បើទោះបីជាមានការអំពាវនាវកាន់តែខ្លាំងឡើងនៅក្នុងបក្សប្រជាធិបតេយ្យឱ្យលោកចុះចេញពីតំណែង ហើយទុកបេក្ខភាពឱ្យអ្នកនយោបាយវ័យក្មេងជំនួសវិញក៏ដោយ។

លោក Trump វ័យ ៧៨ឆ្នាំបាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថាលោក Biden វ័យ ៨១ឆ្នាំ នឹងបដិសេធមិនចាកចេញពីយុទ្ធនាការនេះដោយសារតែភាពអត្មានិយមរបស់ខ្លួន ហើយសង្កត់ធ្ងន់ថាប្រធានាធិបតីរូបនេះមានការតែងតាំងពីគណបក្សប្រជាធិបតេយ្យដោយសារតែប្រតិភូសន្និបាតទាំងអស់ដែលលោកបានឈ្នះ ក្នុងអំឡុងការបោះឆ្នោតបឋម។ លោក Biden បានបញ្ជាក់ម្តងហើយម្តងទៀតថាលោកនឹងនៅបន្តនៅក្នុងការប្រជែងតំណែងនេះ។

លោក Trump បានប្រាប់អ្នកសម្ភាសន៍នៅក្នុងការហៅទូរសព្ទដែលផ្សាយនៅលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) ថា «លោក Biden មានអំណាចច្រើនព្រោះលោកមានប្រតិភូគាំទ្រ។ លុះត្រាតែលោកនិយាយថា 'ខ្ញុំបោះបង់ហើយ' បើមិនដូច្នេះទេពួកគេមិនអាចបង្ខំឱ្យលោកលាលែងបានឡើយ ក្រៅតែពីការលើកយកវិសោធនកម្មទី២៥ មកប្រើ»។
វិសោធនកម្មទី២៥ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក អាចឱ្យអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីប្រកាសថាប្រធានាធិបតីមិនអាចប្រើអំណាច និងធ្វើភារកិច្ចក្នុងមុខតំណែងបានទេ ដោយផ្ទេរការងារទៅឱ្យអនុប្រធានាធិបតីធ្វើជាប្រធានាធិបតីស្តីទី។ ប៉ុន្តែមិនមានការចង្អុលបង្ហាញថាលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស (Kamala Harris) ឬសមាជិកគណបក្សប្រជាធិបតេយ្យជាន់ខ្ពស់ជ្រើយយកជម្រើសនេះមកប្រើឡើយ៕