មេដឹកនាំនៃសម្ព័ន្ធយោធាណាតូ និងដៃគូរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹង ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយការវាយប្រហារតាមអ៊ីនធឺណិត និងបញ្ហាផ្សេងៗទៀត ដែលអាចប៉ះពាល់ដល់សន្តិសុខ។

នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន លោក Kishida Fumio និងមេដឹកនាំប្រទេសកូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ នឹងចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅថ្ងៃព្រហស្បតិ៍ នៅសហរដ្ឋអាមេរិក។
ប្រភពព័ត៌មានរបស់រដ្ឋាភិបាលជប៉ុន បាននិយាយថា មេដឹកនាំជាច្រើន ត្រូវបានគេរំពឹងថានឹងព្រមព្រៀង បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបបញ្ហាទាក់ទងទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត ព័ត៌មានក្លែងក្លាយ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត(AI)ជាដើម។

លោក Kishida សង្ឃឹមថាទំនាក់ទំនងកាន់តែរឹងមាំជាមួយអង្គការណាតូ នឹងនាំទៅរកសន្តិភាព និងស្ថិរភាព នៅជុំវិញប្រទេសជប៉ុន ខណៈលោកជឿជាក់ថាសន្តិសុខរបស់អឺរ៉ុប ពុំអាចកាត់ផ្តាច់ពីអាស៊ីក្នុងពេលមានសកម្មភាពរបស់ប្រទេសសរុស្ស៊ី និងចិន។
លោក Kishida មានផែនការធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ សម្រាប់ជំនួបកំពូលជាមួយអធិការបតី លោក Olaf Scholz បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នៅទីក្រុងវ៉ាស៊ីនតោន។
មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរយៈក្របខ័ណ្ឌថ្មីក្នុងសន្តិសុខសេដ្ឋកិច្ច រួមទាំងការបង្កើតខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សម្រាប់រ៉ែសំខាន់ៗ ក្នុងពេលមានសម្ពាធសេដ្ឋកិច្ចរបស់ប្រទេសចិន។