បញ្ជាការដ្ឋានរថក្រោះប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដាំកូនឈើចម្រុះចំនួន ៨០០ដើម នៅក្នុងបន្ទាយដើម្បីអបអរសាទររុក្ខទិវា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានរថក្រោះ និងមេបញ្ជាការរថក្រោះប្រចាំទិសយោធភូមិភាគទី៥ -ព្រះនេត្រព្រះ ក្នុងពិធីអបអរសាទរ រុក្ខទិវា នាថ្ងៃទី៩ ខែកក្កដានេះ បានមានប្រសាសន៍ កាលឆ្នាំ១៩៨៥ បន្ទាយនេះជាមូលដ្ឋានកងទ័ពនៃង៦៩ រថក្រោះ មានផ្ទៃជាង៤០០ហិចតា។ លុះដល់ឆ្នាំ២០០៨ បញ្ជាការដ្ឋានរថក្រោះមកបើកបន្ទាយឡើងវិញ និងដោះស្រាយបញ្ហាដីធ្លីជាមួយពលរដ្ឋរួច អង្គភាពសល់ដីទំហំ ៨០ហិកតា។
ជំនួសមុខឲ្យ ឯកឧត្តម ឧត្តមសេនីយ៏ឯក ឡាញ់ កៅ នាយរងសេនាធិការចម្រុះ នៃកងយោធពលខរមភូមិន្ទ - មេបញ្ជាការបញ្ជាការដ្ឋានរថក្រោះ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (អ.ប.ក) បានលើកឡើងបន្តថា ក្នុងបន្ទាយ និងតាមដងផ្លូវឆ្លងកាត់ ក៏បានដាំកូនឈើ និងដាំដុះដំណាំកសិកម្មបន្តបន្ទាប់។ ហើយការដាំកូនឈើចម្រុះចំនួន ៨០០ដើម នាពេលនេះ គឺបានមកពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពីរដ្ឋបាលខេត្ត។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បញ្ជាក់ថា កាលប្រារព្ធរុក្ខទិវាឆ្នាំនេះ នៅថ្នាក់ខេត្ត បានដាំកូនឈើចំនួន ៦៥០ដើម ដែលមានប្រភេទ បេង ធ្នង់ ក្រញូង ត្របែកព្រៃ ច័ន្ទគិរី ក្ងោក និងចែកជូនកូនឈើរាប់ពាន់ ដើមដើម្បីយកទៅដាំតាមកន្លែងនានា។ ចំពោះចលនាប្រឡងប្រណាំងដាំកូនឈើកន្លងមក ខេត្តទទួលបានកូនឈើចម្រុះចំនួន ២៨,៨៧០ដើម ក្នុងនោះដាំបានជាង ៧០%ហើយ គឺបានដាំកូនឈើនៅកន្លែងនានា រួមទាំងនៅបន្ទាយរថក្រោះនាស្រុកព្រះនេត្រព្រះនេះ។
នាឱកាសនោះ ឯកឧត្តម គង់ ចាន់វាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជា ឯកឧត្តម អន ស៊ុ សមាជិកព្រឹទ្ធសភា បានឲ្យដឹងស្រដៀងគ្នាថា សកម្មភាពដ៏ផុលផុសដែលមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ យុវជន និងអ្នកពាក់ព័ន្ធចូលរួមបន្តយុទ្ធនាការដាំដើមឈើឲ្យបានច្រើន នៅតាមអង្គភាពដូចជាបន្ទាយរថក្រោះនេះនិងកន្លែងដទៃទៀតពិតជាមានសារ:សំខាន់។ ពោលគឺដើមឈើ និងព្រៃឈើបានផ្តល់ជាម្លប់ ជាចំណីដង្ហើមសម្រាប់មនុស្ស សត្វដែលស្រូបយកឧស្ម័នអុកស៊ីសែន បានលើកម្ពស់បរិស្ថាន ការកាត់បន្ថយបម្រែបម្រួលអាកាធាតុ និងគ្រោះធម្មជាតិផងដែរ៕










