នគរបាលប៉េរូ បាននិយាយកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថា សាកសពអ្នកឡើងភ្នំជនជាតិអាមេរិកម្នាក់ ដែលបានបាត់ខ្លួនកាលពី ២២ ឆ្នាំមុន ខណៈពេលកំពុងឡើងភ្នំព្រិលនៅប្រទេសប៉េរូ ត្រូវបានរកឃើញបន្ទាប់ពីសាកសពត្រូវបង្ហាញឱ្យឃើញដោយសារការរលាយទឹកកកដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុ។

លោក វីលៀម ស្តែមហ្វល (William Stampfl) ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០០២ ក្នុងវ័យ ៥៩ ឆ្នាំ នៅពេលដែលបំណាក់ព្រិលដ៏ធំបានកប់សាកសពរបស់លោកនៅលើភ្នំ វ័រស្ការ៉ាន (Huascaran) ដែលមានកម្ពស់ជាង ៦.៧០០ ម៉ែត្រ ហើយកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះមិនទទួលបានលទ្ធផលទេនៅពេលនោះ។

នគរបាលប៉េរូបាននិយាយថា សាកសពរបស់លោកត្រូវបានបង្ហាញដោយការរលាយទឹកកកនៅលើជួរភ្នំ ខឌីលឡេរ៉ា ប្លង់កា (Cordillera Blanca) នៃតំបន់ភ្នំអង់។ រាងកាយរបស់លោក Stampfl ក៏ដូចជាសម្លៀកបំពាក់ ខ្សែសុវត្ថិភាព និងស្បែកជើងកវែងរបស់លោកត្រូវបានរក្សាបានយ៉ាងល្អដោយសារភាពត្រជាក់ នេះបើយោងតាមរូបភាពចែកចាយដោយនគរបាល។ លិខិតឆ្លងដែនរបស់លោកត្រូវបានរកឃើញក្នុងចំណោមវត្ថុផ្សេងទៀត ដែលអនុញ្ញាតឱ្យនគរបាលងាយស្រួលកំណត់អត្តសញ្ញាណសាកសព។

តំបន់ភ្នំនៅភាគពាយព្យនៃប្រទេសប៉េរូ ជាទីដែលមានកំពូលភ្នំព្រិលជាំច្រើនដូចជា ភ្នំ វ័រស្ការ៉ាន និងភ្នំ ខាសសាន (Cashan) គឺជាទីពេញចិត្តរបស់អ្នកឡើងភ្នំមកពីជុំវិញពិភពលោក។ កាលពីខែឧសភា សាកសពរបស់អ្នកឡើងភ្នំជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានគេរកឃើញនៅទីនោះ ជិតមួយខែបន្ទាប់ពីបានបាត់ខ្លួន។ ហើយនៅក្នុងខែមិថុនា អ្នកឡើងភ្នំជនជាតិអ៊ីតាលីដែលមានបទពិសោធន៍ម្នាក់ ត្រូវគេរកឃើញថាបានស្លាប់ ក្រោយធ្លាក់ពីលើភ្នំ ខណៈពេលដែលព្យាយាមឡើងទៅកំពូលភ្នំអង់មួយទៀត៕