ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទ (០៨ កក្កដា) បានរិះគន់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឥណ្ឌា ទៅកាន់ទីក្រុងមូស្គូ ថាជា «រឿងខកចិត្តដ៏ធំ និងជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងសន្តិភាព» នៅថ្ងៃតែមួយដែលមីស៊ីលរបស់រុស្ស៊ី បានបាញ់ចូលមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវ។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅឯនិវេសនដ្ឋានរបស់លោកក្នុងទីក្រុង ណូវ៉ូ-អូហ្កាយ៉ូវ៉ូ (Novo-Ogaryovo) ខាងក្រៅទីក្រុងមូស្គូ កាលពីថ្ងៃចន្ទ ខណៈដែលមីស៊ីលរបស់រុស្ស៊ី បានធ្លាក់នៅចម្ងាយ ៩០០ គីឡូម៉ែត្រ លើទីក្រុងនានារបស់អ៊ុយក្រែន ក្នុងការវាយលុកអំឡុងម៉ោងមមាញឹកពេលព្រឹក ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់ និងបង្ករបួសជិត ២០០ នាក់។

ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Modi គឺជាដំណើរលើកដំបូងរបស់លោកទៅកាន់រុស្ស៊ី ចាប់តាំងពីលោក Putin បានចាប់ផ្តើមប្រតិបត្តិការយោធានៅអ៊ុយក្រែន កាលពីជិតពីរឆ្នាំកន្លះមុន ដោយរូបភាពនិងវីដេអូកាលពីថ្ងៃចន្ទ បង្ហាញពីមេដឹកនាំទាំងពីរឱបក្រសោបគ្នា ផឹកតែជជែកគ្នា ជិះរថយន្តអគ្គិសនី និងមើលការសម្ដែងជិះសេះយ៉ាងរីករាយ។

ដំណើររបស់លោក Modi គឺជាសញ្ញាមួយបង្ហាញថា ក្រុងញូវដែលី និងទីក្រុងមូស្គូ នៅតែស្និទ្ធស្នាល បើទោះបីជារុស្ស៊ី ពឹងផ្អែកកាន់តែខ្លាំងលើចិន ហើយត្រូវបានគេមើលឃើញថា ជាការធ្លាក់ចុះចុងក្រោយនៃកិច្ចខិតខំប្រឹងប្រែងរបស់មេដឹកនាំលោកខាងលិច ក្នុងការដាក់លោក Putin ឱ្យនៅឯកោ៕