លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមិនទាន់ធ្វើការសម្រេចចិត្តចុងក្រោយថាតើនរណាត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីរបស់លោក ប៉ុន្តែគ្រោងនឹងធ្វើការប្រកាសនៅក្នុងសប្តាហ៍ខាងមុខនេះ។

លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលើទូរទស្សន៍ ហ្វកញូវស៍ (Fox News) កាលពីយប់ថ្ងៃចន្ទ (០៨ កក្កដា) ថា «ការជ្រើសរើសនោះអាចធ្វើឡើងអំឡុងពេលមហាសន្និបាត» ដោយសំដៅទៅលើសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែកក្កដា នៅទីក្រុង មីលវ៉ឃី (Milwaukee)។

លោក Trump បាននិយាយថា មិត្តរួមប្រកួតតំណែងរបស់លោកនឹងជា «មនុស្សម្នាក់ដែលអាចធ្វើការងារធំដុំដូចជាប្រធានាធិបតីបាន» ហើយក៏ជា «មនុស្សម្នាក់ដែលជួយលោកឱ្យជាប់ឆ្នោត»។ នៅពេលត្រូវសាកសួរថាតើបេក្ខភាពណាខ្លះដែលអាចទទួលបានតំណែងនោះ លោក Trump បានបង្ហើបថាសមាជិកព្រឹទ្ធសភាដូចជា លោក ជេឌី វ៉ានស៍ (J.D. Vance), លោក ម៉ាខូ រូប៊ីអូ (Marco Rubio), លោក ធីម ស្កុត (Tim Scott) និងអភិបាលរដ្ឋ ណស ដេខូតា (North Dakota) លោក ដាក់ ប៊ឺហ្កាំ (Doug Burgum) កំពុងស្ថិតក្នុងការពិចារណា។

អតីតប្រធានាធិបតីរូបនេះបានគូរបញ្ជាក់ម្តងហើយម្តងទៀតអំពីដំណើរការជ្រើសរើសអនុប្រធានាធិបតី ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍ជាសាធារណៈ និងការរំពឹងទុកជុំវិញការសម្រេចចិត្តនេះ។ កាលពីខែមិថុនា លោកបានប្រាប់អ្នកយកព័ត៌មានថា លោកបានគិតរួចហើយថាអ្នកណានឹងក្លាយជាអនុប្រធានាធិបតីរបស់លោក ប៉ុន្តែមិនបានប្រាប់ថាអ្នកនយោបាយរូបណានោះទេ៕