អ្នកជំនាញឧតុនិយមបាននិយាយថា សីតុណ្ហភាពដ៏ក្តៅដែលលាតសន្ធឹងពីខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) ដល់ព្រំដែនខេត្ត អនថារីអូ (Ontario) បានជំរុញឱ្យមានការព្រមានអំពីកម្ដៅរាប់រយករណី ប៉ុន្តែស្ថានភាពនោះមិនខ្លាំងក្លាដូចទៅនឹងកម្ដៅកាលឆ្នាំ២០២១ ដ៏ក្ដៅគគុកនៅខេត្ត ប្រ៊ីធធីស កូឡំប៊ី នេះទេ។

វិទ្យាស្ថានបរិស្ថាន និងបម្រែបម្រួលអាកាសធាតុកាណាដា បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ (០៨ កក្កដា) ថា ខណៈដែល «ចំណុចកណ្តាល» នៃកម្ដៅមានទីតាំងនៅភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា (California) របស់អាមេរិក វាត្រូវបានគេរំពឹងថានឹងបន្តកើតមានលើខេត្ត ប្រ៊ីធធីស កូឡំប៊ី និងទៅកាន់ខេត្ត អាល់ប៊ឺតតា (Alberta) រួមនិងខេត្ត សាស្កាតឆេវ៉ាន (Saskatchewan) រហូតដល់ពាក់កណ្តាលសប្តាហ៍នេះ បន្ទាប់មកនឹងផ្លាស់ទីទៅភាគខាងកើត។

រលកកម្ដៅភ្លាមៗនៅក្នុងទីក្រុង ខាលហ្ការី (Calgary) បានធ្វើឱ្យអ្នកស្រុក និងអ្នកទេសចរ ចាត់វិធានការដើម្បីរក្សាភាពត្រជាក់ដោយជៀសវាងប៉ះត្រូវពន្លឺព្រះអាទិត្យជាដើម។ ទន្ទឹមនឹងនោះ រលកកម្ដៅក៏បានបញ្ជូនសីតុណ្ហភាពកម្រិតលើសពី ៣០អង្សាសេនៅតំបន់អាត្លង់ទិកកាណាដា។
ខណៈពេលដែលវិទ្យាស្ថានបរិស្ថានកាណាដានិយាយថា ការព្រមានអំពីកម្ដៅមួយចំនួនត្រូវបានគេរំពឹងថានឹងដកចេញនៅថ្ងៃអង្គារ (០៩ កក្កដា) នេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងនៅលើកោះ វែនខូវើ (Vancouver) កម្ដៅនៅតំបន់ផ្សេងទៀតអាចត្រូវបានគេរំពឹងថានឹងបន្តយូរជាងនេះ៕