ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) បានបញ្ជាក់ជាថ្មីថា ការគាំទ្ររបស់ប្រទេសលោកសម្រាប់រុស្ស៊ី និងកងកម្លាំងប្រឆាំងអ៊ីស្រាអែល នឹងមិនផ្លាស់ប្តូរនោះទេ នៅក្រោមអាណត្តិរបស់លោកជាប្រធានាធិបតី។ បេក្ខជនកំណែទម្រង់ ដែល អំពាវនាវឱ្យមានការធ្វើឲ្យប្រសើរឡើងទំនាក់ទំនងរវាងអ៊ីរ៉ង់ ជាមួយប្រទេសលោកខាងលិច បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជុំទី២ តំណែងប្រធានាធិបតី កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ លោក Pezeshkian បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ។ តាមសេចក្តីរាយការណ៍ លោក Pezeshkian បានថ្លែងអំណរគុណដល់លោក Putin សម្រាប់សារអបអររបស់លោក និងបាននិយាយថា អ៊ីរ៉ង់វាយតម្លៃលើទំនាក់ទំនងជាមិត្តភាពរបស់ខ្លួន ជាមួយរុស្ស៊ី។

ប្រទេសអ៊ីរ៉ង់ មានការខ្វែងគំនិតគ្នាជាមួយប្រទេសលោកខាងលិច ជុំវិញការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ខ្លួន និងបញ្ហាផ្សេងៗទៀត។ ប្រទេសនេះ បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដែលប្រឆាំងប្រទេសលោកខាងលិច ជុំវិញស្ថានភាពនៅអ៊ុយក្រែន ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអភិរក្សនិយមប្រកាន់តឹង លោក Ebrahim Raisi ដែលលោកបានទទួលមរណភាពដោយការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Pezeshkian បានផ្ញើលិខិតមួយច្បាប់ទៅកាន់មេដឹកនាំក្រុមសកម្មប្រយុទ្ធហេសបូឡា នៅក្នុងប្រទេសលីបង់ លោក Hassan Nasrallah ដោយថ្លែងអំណរគុណចំពោះលោកសម្រាប់សារអបអរ។ លោក Pezeshkian បានបង្ហាញពីបំណងរបស់លោកក្នុងការបន្តគាំទ្រកងកម្លាំងប្រឆាំងអ៊ីស្រាអែល។