មន្ត្រីផ្នែកវេជ្ជសាស្ត្រប៉ាឡេស្ទីនម្នាក់ បានព្រមានកាលពីថ្ងៃចន្ទថា សមត្ថភាពសុខាភិបាល នៅក្នុងមន្ទីរពេទ្យនៃតំបន់ហ្កាហ្សាស្ទ្រីប មានភាពទន់ខ្សោយ ហើយការខ្វះខាតប្រេងឥន្ធនៈ គឺជាវិបត្តិដ៏ធំមួយសម្រាប់ វិស័យសុខាភិបាល។

លោក Munir al-Bursh មន្ត្រីអាជ្ញាធរសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កុមារ ៣៤នាក់ បានស្លាប់ដោយសារកង្វះអាហារធ្ងន់ធ្ងរ នៅក្នុងតំបន់ភាគខាងជើង។

លោក បាននិយាយថា អ្នកជំងឺប្រហែល ២៥.០០០ នាក់ ត្រូវការការព្យាបាលជាបន្ទាន់ នៅខាងក្រៅតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែមានតែ ៥.000 នាក់ប៉ុណ្ណោះ ដែលអាចធ្វើដំណើរបាន ដោយបានសង្កត់ធ្ងន់ថា ស្ថានភាពនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប គឺពិបាកខ្លាំងណាស់ ដែលទាមទារឲ្យបើកច្រកឆ្លងកាត់រ៉ាហ្វា( Rafah) ជាបន្ទាន់។
កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ យោធាអ៊ីស្រាអែល បានណែនាំមនុស្សរាប់ម៉ឺននាក់ ដែលរស់នៅក្នុងប្លុកចំនួន ១៩ ក្នុងទីក្រុងហ្កាហ្សា ឲ្យជម្លៀសចេញជាបន្ទាន់។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) កាលពីថ្ងៃចន្ទ។