លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានបដិសេធការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីរបស់ខ្លួន កាលពីថ្ងៃចន្ទ (ទី៨ ខែកក្កដា) ខណៈដែលប្រធានាធិបតីរូបនេះ បានព្យាយាមរក្សាភាពជឿជាក់របស់ប្រទេសបារាំង បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមុនអាណ្តតិ្តរបស់ខ្លួន បានបរាជ័យក្នុងទម្លាយភាពជាប់គាំងនយោបាយ។

គណបក្សរណសិរ្សប្រជាប្រិយថ្មីឆ្វេងនិយម (NFP) បានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ ដោយផ្ទុយពីការស្ទង់មតិ ដែលបានឈ្នះគណបក្សកណ្តាលនិយមរបស់លោកម៉ាក្រុង និងគណបក្សរួបរួមកម្លាំងជាតិស្តាំនិយមជ្រុល(RN)របស់លោកស្រី Marine Le Pen។
ប៉ុន្តែគ្មានក្រុមណាដែលទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតទេ ហើយគ្មានបេក្ខជននាយករដ្ឋមន្ត្រីច្បាស់លាស់ បានបង្ហាញមុខនោះទេ។

មនុស្សជាច្រើននៅក្នុងប្រទេសបារាំង បានពេញចិត្តនឹងលទ្ធផលបោះឆ្នោតនេះ ដោយមានហ្វូងមនុស្ស បានប្រមូលផ្តុំគ្នា ក្នុងទីក្រុងប៉ារីស ដើម្បីអបអរ។
ប៉ុន្តែកិច្ចពិភាក្សាដ៏សំខាន់អំពីការបង្កើតរដ្ឋាភិបាលថ្មី ទើបតែចាប់ផ្តើម រយៈពេលបីសប្តាហ៍មុនពេលទីក្រុងប៉ារីស ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំ ពិក។
លោកនាយករដ្ឋមន្ត្រី Gabriel Attal បានដាក់ពាក្យលាលែងពីតំណែងរបស់ខ្លួនជូនទៅលោក ម៉ាក្រុង ប៉ុន្តែត្រូវបានស្នើឲ្យរក្សាអំណាចក្នុងសមត្ថភាពចាំផ្ទះ រហូតដល់ការប្រកួតកីឡាត្រូវបានបញ្ចប់ ហើយធានាសហគមន៍អន្តរជាតិ និងទីផ្សារនានាថា ប្រទេសបារាំង នៅតែមានរដ្ឋាភិបាល។