កំពង់ឆ្នាំង៖ ដីព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដែលគ្រប់គ្រងដោយក្រសួងបរិស្ថានក្នុងចំណុច៥៥ ចំនួន២ហិកតា ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានជនសង្ស័យម្នាក់កាប់បំផ្លាញយកដីជាកម្មសិទ្ធ ខណៈជំនាញបរិស្ថានដែលគ្រប់គ្រងក្នុងតំបន់នោះឆ្លើយថា ដីព្រៃនេះដែលរងការកាប់បំផ្លាញនោះ ខាងជនកាប់បំផ្លាញព្រៃនោះបានទទួលការកាត់ឆ្វៀលពីរាជរដ្ឋាភិបាលហើយ។
ក្នុងពេលក្រុមការងារចំរុះដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងលោក កែវ វ៉ាន្នី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះពិនិត្យនៅទីតាំងកាប់បំផ្លាញព្រៃឈើចំណុច៥៥ ចំនួន២ហិកតា ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោក យូ សុគមន៍ ប្រធានគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ក្នុងស្រុកកំពង់លែង បានអោយដឹងថា៖ ពាក់ព័ន្ធនឹងកន្លែងកាប់ព្រៃឈើចំណុច៥៥ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងនេះ ខាងអ្នកកាប់នោះ គឺកាប់តាមអនុក្រឹតលេខ២៤៥ ដែលប្រជាពលរដ្ឋបានទទួលពីរដ្ឋាភិបាលកាត់ឆ្វៀលអោយរួចហើយ។
ប៉ុន្តែយោងតាមខ្លឹមសារនៃអនុក្រឹត្យលេខ២៤៥ អនក្របក ចុះថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានសម្រេចថា ៖ ត្រូវបានកំណត់ជាតំបន់សហគមន៍នៃតំបន់ការពារធម្មជាតិលើផ្ទៃដីទំហំសរុប៩៣៣ ៥៧៧ហិកតា ដើម្បីពិនិត្យលទ្ធភាពចេញប័ណ្ណសំគាល់កម្មសិទ្ធិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានជាធរមាន (ដូចមានផែនទីជូនភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ)។ តំបន់សហគមន៍ទាំងនេះ ត្រូវរៀបចំ និងគ្រប់គ្រងដោយក្រសួងបរិស្ថានដោយសហការជាមួយក្រសួង ស្ថាប័ននានា និងរដ្ឋបាលខេត្តដែលមានផ្ទៃដីពាក់ព័ន្ធ ដោយត្រូវអនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ភូមិបាល និងបទប្បញ្ញត្តិលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ដីព្រៃឈើក្នុងចំណុច៥៥ ស្ថិតក្នុងភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែងនេះ ត្រូវបានជនសង្ស័យ កាប់បំផ្លាញអស់ប្រមាណ២ហិកតា កាលពីពេលថ្មីៗនេះ ក្នុងនោះមានដើមធ្នង់ និងឈើជាច្រើនប្រភេទទៀត និងបានធ្វើរបងហ៊ុព័ទ្ធយកដីអស់ប្រមាណ២០ហិកតាបន្ថែមទៀត ក្នុងដីព្រៃក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ដោយមិនមានការទប់ស្កាត់ ឬចំណាត់ការតាមផ្លូវច្បាប់ពីជំនាញបរិស្ថានណាមួយឡើយ ខណៈអនុក្រឹត្យលេខ២៤៥ មិនបានបញ្ជាក់ថាអោយកាត់ដីព្រៃទាំងនោះអោយទៅបុគ្គលណាមួយឡើយ ៕ ដោយ ៖ កាំង ហុងវាស្នា

















