
នគរបាលស្រុក Placer រដ្ឋ California សហរដ្ឋអាមេរិក បានរកឃើញក្រុមអ្នកដើរព្រៃចំនួន ១៣នាក់ ដែលគេរាយការណ៍ថាបាត់ខ្លួននៅក្នុងព្រៃជាតិ Tahoe ជាកន្លែងដែលភ្លើងឆេះព្រៃ Royal Fire បានឆាបឆេះកាលពីថ្ងៃអាទិត្យ ។
នៅក្នុងវីដេអូដែលបានបញ្ចេញកាលពីថ្ងៃចន្ទ ការិយាល័យនគរបាលស្រុក Placer និយាយថា ក្រុមអ្នកដើរព្រៃ ត្រូវបានរកឃើញ ក្រោយការដាក់ពង្រាយក្រុមជួយសង្រ្គោះ ក្រុមរុករក និងឧទ្ធម្ភាគចក្រ ។

សមាជិកគ្រួសារ និយាយប្រាប់នគរបាលថា អ្នកដើរព្រៃដែលមានអាយុចន្លោះពី ១៦ឆ្នាំ និង២០ឆ្នាំ មានគម្រោងដើរព្រៃតាមមាត់បឹង Palisades Creek Trail ។ ក្រុមនគរបាល បានរកឃើញរថយន្តរបស់ពួកគេកាលពីយប់ថ្ងៃអាទិត្យ ពេលដែលប្រតិបត្តិការរុករក ចាប់ផ្តើមដើម្បីស្វែងរកពួកគេ ។
យោងតាមគេហទំព័រ Facebookរបស់ការិយាល័យនគរបាលស្រុក Placer បានឲ្យដឹងថា ក្រុមអ្នកដើរព្រៃនេះ ត្រូវបានរកឃើញនៅចម្ងាយប្រហែល ៣,២គ.មពីភ្លើងឆេះព្រៃ ហើយពួកគេពុំមានបញ្ហាអ្វីនោះទេ ៕
