
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់តាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី បានចេញការព្រមានដ៏កម្រមួយ នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ អំពីការកើនឡើងនូវការគំរាមកំហែងរបស់ពួកចោរព័ត៌មានវិទ្យាចិនដែលគាំទ្រដោយរដ្ឋ ដោយនិយាយថា ពួកគេកំពុង «ស្វែងរកយ៉ាងសកម្ម» នូវគោលដៅនានា ដើម្បីបង្កការរំខាន។
នាយកដ្ឋានត្រួតពិនិត្យសញ្ញាអូស្ត្រាលី (ASD) បានកំណត់អត្តសញ្ញាណក្រុមចោរព័ត៌មានវិទ្យា APT40 នៅក្នុងលិខិតណែនាំបច្ចេកទេសដ៏ទូលំទូលាយមួយដែលបង្ហាញពីភាពរីកម្រើននៃជំនាញ និងវិធីសាស្ត្ររបស់ក្រុមនេះ។
កំណត់ត្រានោះបានរៀបរាប់ថា៖ «ក្រុម APT40 បានកំណត់គោលដៅម្តងហើយម្តងទៀតលើបណ្តាញអូស្ត្រាលី ក៏ដូចជាបណ្តាញរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងតំបន់ ហើយការគំរាមកំហែងដែលពួកគេបង្កចំពោះបណ្តាញរបស់យើង កំពុងបន្តមាន»។

ASD បានប្រាប់ថា ក្រុម APT40 ដែលមានន័យថា «ការគំរាមកំហែងជាប់លាប់កម្រិតខ្ពស់» បានធ្វើ «ប្រតិបត្តិការបង្កមេរោគតាមប្រព័ន្ធអ៊ីនធឺណិត» ជាមែកធាងរបស់ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ដែលមានមូលដ្ឋាននៅក្នុងខេត្ត Hainan។
នាយកបានឲ្យដឹងថា ក្រុម APT40 មើលទៅមានបំណងជ្រៀតចូលឧបករណ៍ចាស់ៗ ដែលនៅតែភ្ជាប់ទៅបណ្តាញកុំព្យូទ័រងាយរងគ្រោះ។ ដោយការប្រើប្រាស់កុំព្យូទ័រទាំងនេះ ដើម្បីទទួលបាន «មូលដ្ឋាន» ដែលមិនអាចរកឃើញ ពួកគេអាចកេងចំណេញលើភាពងាយរងគ្រោះ និងលួចយកព័ត៌មានបានយ៉ាងឆាប់រហ័ស៕