
មន្ត្រីការពារជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ទាហានឥណ្ឌា៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធលើក្បួនរថយន្តកងទ័ពនៅភូមិ Macedi តំបន់ Kashmir ប្រទេសឥណ្ឌា។ ការវាយប្រហារ បានកើតឡើងកាលពីថ្ងៃចន្ទ ហើយទាហានដែលរងរបួសត្រូវបាននាំយកទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រសហគមន៍ សម្រាប់ការព្យាបាលសង្គ្រោះបឋម មុនពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យយោធា។
រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh បានចូលរួមរំលែកទុក្ខចំពោះគ្រួសារសពនៃទាហានដែលបានបាត់បង់ជីវិត នៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X. ថា លោកមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ទាហានឥណ្ឌាដ៏ក្លាហានរបស់យើងចំនួនប្រាំនាក់ ក្នុងការវាយប្រហារភេរវកម្ម ប្រទេសជាតិរបស់យើងបានឈរយ៉ាងរឹងមាំជាមួយពួកគេក្នុងគ្រាលំបាក។
លោកបាននិយាយថា ប្រតិបត្តិការប្រឆាំងភេរវកម្ម កំពុងធ្វើឡើង ហើយទាហានរបស់យើង បានប្តេជ្ញាចិត្តដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ក្នុងតំបន់។

តំបន់នេះ បានមើលឃើញការវាយប្រហារជាច្រើនលើក ចាប់តាំងពីថ្ងៃទី០៩ ខែមិថុនា នៅពេលដែលក្រុមសកម្មប្រយុទ្ធ បើកការបាញ់ប្រហារទៅលើរថយន្តក្រុងមួយគ្រឿង ដឹកអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩នាក់ និងរងរបួសច្រើននាក់ផ្សេងទៀត។
តំបន់ភ្នំហិម៉ាឡៃ ដែលត្រូវបានប្រទេសប៉ាគីស្ថានអះអាងសិទ្ធផងដែរនោះ បានផ្ទុះឡើងអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធ ចាប់តាំងពីការចាប់ផ្តើមការបះបោរប្រឆាំងឥណ្ឌា ក្នុងឆ្នាំ១៩៨៩។
មនុស្សរាប់ម៉ឺននាក់ ត្រូវបានសម្លាប់ ទោះបីជាអំពើហិង្សាបានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ។