ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការចាក់វ៉ាក់សាំងដូសទី៣ គឺជាគន្លឹះដ៏សំខាន់ សម្រាប់ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ និងអាចទប់ទល់ជាមួយមេរោគកូវីដ១៩ បំប្លែងថ្មី Deltaបានផងដែរ ខណៈការចាក់ដូសទី៣ ឬដូសជំរុញនេះ នឹងចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១២ឆ្នាំឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។
នេះបើតាមសេចក្តីប្រកាសស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូចជំរុញ ដែលបានចេញនៅព្រឹកថ្ងៃទី២៥ ខែសីហានេះ។
សេចក្តីប្រកាស បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ គឺជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវ៉ាត់ការពារទី១ សំខាន់ជាងគេ ដើម្បីការពារអាយុជីវិតប្រជាជន ក៏ដូចជាដើម្បីបង្កើតឲ្យបាននូវភាពសុំាក្នុងសហគមន៍ទប់ទល់នឹងមេរោគកូវីដ១៩ សំដៅឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញគ្រប់វិស័យ និងការរស់នៅជាមួយមេរោគនេះ តាមបែបគន្លងថ្មីជាដើមនោះ។
សេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា «ផ្អែកតាមការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តខាងលើ និងក្នុងគោលបំណងបង្កើតឲ្យបានឆាប់រហ័សនូវ «ភាពសុំាសហគមន៍រឹងមាំពិតប្រាកដមួយ» ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពារអាយុជីវិតប្រជាជនពីមេរោគកូវីដ១៩ ពិសេសប្រភេទDelta ឬប្រភេទបំប្លែងខ្លួនថ្មីផ្សេងទៀត ក៏ដូចជាដើម្បីត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការនៃការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងវត្តមានជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
រាជរដ្ឋាភិបាលសម្រេចប្រកាសដាក់ចេញនូវ«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ» ដល់ប្រជាជនទូទៅចាប់ពីអាយុ១២ឡើងទៅ ចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ អាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩នេះ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលសម្រេចយកវ៉ាក់សាំង AstraZeneca) ដើម្បីចាក់ជាដូសជំរុញដល់មន្រ្តីសុខាភិបាល និងមន្រ្តីបម្រើការជួរមុខក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតាមតំបន់ដែលមានហានិភ័យខ្ពស់ នៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតាកាលពីដើមខែសីហា កន្លងទៅថ្មីៗនេះ ខណៈការចាក់នូវដូសទី៣នេះ វាបានបង្កើនបាននូវប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ ក្នុងការទប់ទល់នឹងមេរោគកូវីដ១៩ ប្រភេទដែលតា និងបំប្លែងថ្មីផ្សេងៗទៀតបានយ៉ាងល្អផងដែរ៕
អត្ថបទ បាន ចក់