
រដ្ឋមន្ត្រីក្រសួងការបរទេស DRC លោកស្រី Therese Kayikwamba Wagner ក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងអំឡុងពេលនិងបន្ទាប់ពីបទឈប់បាញ់មនុស្សធម៌ជាមួយនឹង ក្រុមឧទ្ទាមM23 ដែលបានកាន់កាប់ផ្នែកជាច្រើននៅភាគខាងកើត DRC ។
លោកស្រី Wagner បានបញ្ជាក់ថា៖«បទឈប់បាញ់រយៈពេល ១៤ ថ្ងៃនេះ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៩ ខែកក្កដា គឺជាផ្លូវមួយដែលត្រូវបានបង្កើតសម្រាប់ការវិលត្រឡប់មកវិញនូវសន្តិភាព» នៅភាគខាងកើត DRC ដែលមានបញ្ហាដោយអំពើហិង្សាអស់ជាច្រើនទសវត្សរ៍ ដោយធានាថា ការការពារប្រជាជន DRC នៅតែជា«អាទិភាពទី១»នៃអាណត្តិរបស់លោកស្រី។

លោកស្រី Wagner បានពន្យល់ថា៖«បទឈប់បាញ់ មិនមែនមានន័យថា យើងមិនប្រុងប្រយ័ត្ននោះទេ» ដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងការទូត គឺចង់បានដំណោះស្រាយយូរអង្វែង» ដើម្បីស្ដារសន្តិភាព ជាពិសេសត្រូវបានរំខានដោយការរុលចូលទៅមុខរបស់ក្រុមឧទ្ទាម M23 ដែលអាជ្ញាធរចោទប្រកាន់ថា ត្រូវបានគាំទ្រដោយយោធាដោយប្រទេសរ្វ៉ាន់ដា ជាការចោទប្រកាន់មួយដែលត្រូវបានច្រានចោលដោយទីក្រុង Kigali។
លោកស្រី Wagner បាននិយាយនៅពេលឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងកិច្ចសន្ទនារវាង DRC និង រ្វ៉ាន់ដាថា៖«យើងនៅតែមានជំនឿយ៉ាងមុតមាំក្នុងជំហររបស់យើងថា ការពិភាក្សាណាមួយ នឹងប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរការសន្តិភាពនៅទីក្រុង Luanda ដែលផ្តួចផ្តើមដោយប្រធានាធិបតីអង់ហ្គោឡា លោក Joao Lourenco»។