
សាកសពជាប់ខ្នោះរបស់បុរសប៉ាឡេស្ទីន ៣នាក់ ដែលត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ីស្រាអែល ត្រូវបានគេប្រទះឃើញស្លាប់នៅជិតព្រំដែនរវាងតំបន់ហ្កាហ្សា និងអ៊ីស្រាអែល ហើយឪពុកមារបស់បុរសប៉ាឡេស្ទីនម្នាក់ក្នុងចំណោមពួកគេ និងជាសាក្សី និយាយថា ពួកគេរងការវាយប្រហារពីកងម្លាំងអ៊ីស្រាអែល ភ្លាមៗក្រោយការដោះលែងរបស់ពួកគេ ។
លោក Abdel Hadi Ghabayen គឺជាឪពុកមារបស់អ្នកជាប់ឃុំ Kamel Ghabayen និយាយថា លោកបានចេញដំណើរនៅវេលាម៉ោង ៥ព្រឹក ថ្ងៃអាទិត្យ ដើម្បីដើររកក្មួយរបស់គាត់ បន្ទាប់ពីការចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។

លោក Ghabayen បន្តថា ខ្ញុំបានរកឃើញក្មួយដេកស្លាប់ជាមួយទុក្ករបុគ្គល ២នាក់ផ្សេងទៀត ។ ពួកគេគ្មានសម្លៀកបំពាក់នោះទេ ហើយដៃរបស់ពួកគេជាប់ខ្នោះ ។
លោកថា សាកសពរបស់ពួកគេត្រូវបានប្រទះឃើញនៅជិតរបងព្រំដែនអ៊ីស្រាអែល ស្ថិតនៅជិតច្រកឆ្លងកាត់ Karam Abu Salem ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។
លោក Ghabayen បញ្ជាក់ទៀតថា សាកសពបុរសម្នាក់ក្នុងចំណោមពួកគេ ដាច់ជើង ហើយខ្លួនរបស់គាត់ដាច់ជាចំណែក ក្រោយរងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល ភ្លាមៗបន្ទាប់ពីការដោះលែងរបស់ពួកគេ ៕