សេតវិមាន កាលពីថ្ងៃចន្ទ (ទី៨ ខែកក្កដា) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស គឺលោក Keir Starmer នៅសេតវិមាន នៅថ្ងៃពុធស្អែកនេះ។
ជាមួយគ្នានេះ អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកសារព័ត៌មានផងដែរថា លោក Biden ក៏នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ នាទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Biden គ្រោងនឹង «គូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងពិសេសរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស» នៅក្នុងជំនួបរបស់លោកជាមួយលោក Starmer។
លោកស្រី បាននិយាយថា មេដឹកនាំទាំង២ នឹងមានឱកាសពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស លើបញ្ហាជាច្រើន រាប់ចាប់ពីអ៊ុយក្រែន រហូតដល់សង្គ្រាមអ៊ីស្រាអែល-ហ្កាហ្សា ហើយនិងធានាថា អ៊ីរ៉ង់មិនទទួលបានអាវុធនុយក្លេអ៊ែរ ក៏ដូចជាការប្រឈមនឹងការគំរាមកំហែងពីក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ ចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម។
ហើយមេដឹកនាំទាំង២ ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យនានា ដូចជាការការពារបច្ចេកវិទ្យាកម្រិតខ្ពស់ និងបង្កើតដំណោះស្រាយអាកាសធាតុ និងថាមពលស្អាត៕
